ថ្មីៗនេះ ប្រទេសឡាវ កំពុងពិចារណាក្នុងការដាក់កម្រិតលើការនាំចូលទំនិញមួយចំនួន ដើម្បីកាត់បន្ថយការប្រើប្រាស់រូបិយប័ណ្ណបរទេស ទៅលើទំនិញដែលមិនសូវចាំបាច់ ចំពេលមានការថយចុះនៃទុនបម្រុងរូបិយប័ណ្ណបរទេស ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Borneo Post ។
ដោយបានឆ្លើយតបទៅកាន់សំណួររបស់សមាជិកសភាជាតិ ក្នុងសម័យប្រជុំលើកទី ៣ នៃនីតិកាលទី ៩ នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh បាននិយាយថា ទំនិញមិនសូវចាំបាច់ដូចជា យានយន្ត ភេសជ្ជ:មានជាតិអាល់កុល និងទំនិញប្រណីតនាំចូលផ្សេងទៀត គឺជារបស់ដែលត្រូវពិចារណា ក្នុងការកាត់បន្ថយការនាំចូល ។
មិនតែប៉ុណ្ណោះ ទីភ្នាកងារសារព័ត៌មានរបស់វៀតណាម (VNA) ក៏បានរាយការណ៍ផងដែរថា ប្រទេសឡាវបច្ចុប្បន្ន កំពុងទទួលរងនូវការខ្វះខាតរូបិយប័ណ្ណបរទេស ដូច្នេះហើយបានធ្វើឱ្យរដ្ឋាភិបាល កំពុងជួបភាពលំបាកក្នុងការទិញ និងនាំចូលទំនិញចាំបាច់ ជាពិសេសប្រេងឥន្ធន: ។
ទន្ទឹមនឹងនេះ កាសែត Vientiane Times បានអះអាងផងដែរថា រដ្ឋាភិបាលរបស់ប្រទេសឡាវ កំពុងពិចារណា ជួលក្រុមហ៊ុនប្រឹក្សាអន្តរជាតិ ដើម្បីធ្វើការវាយតម្លៃចំពោះទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋ ជាពិសេសពាក់ព័ន្ធទៅនឹងធនធានធម្មជាតិ ។
ប្រភពដដែលនេះ បានបង្ហាញទៀតថា គំនិតមួយនេះ ត្រូវបានដាក់ជូនទៅកាន់រដ្ឋសភាកាលពីសប្តាហ៍មុន ដើម្បីជាមធ្យោបាយតែមួយគត់សម្រាប់រដ្ឋាភិបាល ក្នុងការបញ្ចុះបញ្ចូលម្ចាស់បំណុល ឱ្យមានភាពជឿជាក់ថា ឡាវមានសមត្ថភាព ដើម្បីសងបំណុលដ៏ច្រើន ដែលកំពុងតែមានការកើនឡើង ។
លើសពីនេះ បើយោងតាមសម្តីរបស់រដ្ឋមន្ត្រីសក្រសួងហិរញ្ញវត្ថុ លោក Bounchom Ubonpaseuth បាននិយាយនៅក្នុងរដ្ឋសភាថា ៖ ” ប្រទេសយើងមានទ្រព្យសម្បត្តិ និងធនធានធម្មជាតិយ៉ាងច្រើន ប៉ុន្តែយើង មិនដែលបានវាយតម្លៃ ឬកំណត់តម្លៃពេញលេញរបស់វាបាននោះទេ ” ។
បន្ថែមពីនេះ លោក Bounchom បានសង្កត់ធ្ងន់ទៀតថា ម្ចាស់បំណុលអាចនឹងមានអារម្មណ៍កាន់តែមានទំនុកចិត្ត ថាប្រទេសឡាវអាចនឹងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទូទាត់សងបំណុល បន្ទាប់ពីបានដឹងអំពីសក្តានុពលពិតប្រាកដរបស់ប្រទេសនេះនោះ ៕