រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កិច្ចព្រមព្រៀងអាសិប នឹងជួយជំរុញកម្ពុជាធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឲ្យកាន់តែប្រសើរឡើង។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីធ្វើឡើងក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ជាតិជាសេរ៊ីលើកទី១ ស្តីពី “ការយល់ដឹងអំពីកិច្ចព្រមព្រៀងអាសិប និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម” កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។
ថ្លែងក្នុងពិធីនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សិក្ខាសាលានេះ គឺធ្វើឡើងដើម្បីការបញ្ជ្រៀបការយល់ដឹង និងព័ត៌មានឱ្យដល់វិស័យឯកជន ធុរកិច្ចជន ផលិតករ និងអ្នកនាំចេញ ក្នុងការចាប់យកកាលានុវត្តន៍ភាព និងទាញយកផលប្រយោជន៍ជាអតិបរមារពីការបើកច្រកទីផ្សារក្រោមកិច្ចព្រមព្រៀងអាសិបនេះ ក្រោយចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កន្លងទៅ។
លោកបន្តថា វិធានដើមកំណើតទំនិញ ក្រោមកិច្ចព្រមព្រៀងអាសិប ដែលមានលក្ខណៈសាមញ្ញនិងងាយបំពេញបានដូចនេះ នឹងជួយជំរុញកម្ពុជាធ្វើសមាហរណកម្មខ្លួនចូលក្នុងខ្សែច្រវ៉ាក់ផលិតកម្មតំបន់កាន់តែឆាប់រហ័ស និងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
មិនតែប៉ុណ្ណោះ ការបើកទីផ្សារក្រោមកិច្ចព្រមព្រៀងអាសិបនេះ គួបផ្សំនឹងវិធានដើមកំណើតដែលមានលក្ខណៈសាមញ្ញ វិធានបូកបន្ថែម និងការធ្វើសាមញ្ញកម្មនីតិវិធីរដ្ឋបាល ក៏នឹងក្លាយជាកម្លាំងចលករក្នុងការ ជួយដល់ដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ពិសេសនឹងរួមចំណែកដល់ការបង្កើនចំណូលជាតិ តាមរយៈការប្រមូលពន្ធ និងការបង្កើនឱកាសការងារ។
ជាមួយគ្នានោះដែរ លោក ប៉ាន សូរស័ក្តិ ក៏បានរំលេចពីលទ្ធផលការសិក្សារបស់វិទ្យាស្ថាន ERIA ដែរថា កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញក្នុងរង្វង់ប្រមាណពី ៩,៤% ទៅ ១៨% ដែលនឹងចូលរួមចំណែកក្នុង កំណើនសេដ្ឋកិច្ចជាតិបន្ថែមប្រចាំឆ្នាំប្រមាណពី២% ទៅ ៣,៨%, កំណើនឱកាសការងារប្រចាំឆ្នាំប្រមាណពី ៣,២% ទៅ ៦,២% និងកំណើតចំណូលពន្ធប្រចាំឆ្នាំប្រមាណ២% ទៅ ៣,៩% ផងដែរ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងអាសិប គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់លើ៖ ១. ប្រជាជនប្រមាណ ២.២ ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ២. ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ ទ្រីលានដុល្លារអាមេរិក ឬ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង៣.ទំហំពាណិជ្ជកម្មចំនួនប្រមាណ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល៕ អត្ថបទ៖ ពិសី