លោក ប្រាយុទ្ធ សន្យាថា ប្រទេសថៃនឹងចាប់ផ្តើមដំឡើងរថយន្តអគ្គិសនី លឿនជាងការរំពឹងទុក

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បាននិយាយនៅក្នុងពេលថ្មីៗនេះថា ប្រទេសថៃ មានបំណងដំឡើងរថយន្តអគ្គិសនី (Evs) នៅក្នុងស្រុក ក្នុងរយ:ពេលតិចជាងមួយឆ្នាំទៀត ពោលគឺលឿនជាងគោលដៅរំពឹងទុក មុនឆ្នាំ ២០២៤ ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែង នៅក្នុងសិក្ខាសាលាមួយ កាលពីថ្ងៃពុធ ដែលរៀបចំដោយសហព័ន្ធឧស្សាហកម្មថៃ (FTI) លោកឧត្តមសេនីយ៍ Prayut បាននិយាយថា រដ្ឋាភិបាល កំពុងតែពន្លឿនដល់ការដំឡើងរថយន្ត EV នៅក្នុងប្រទេសថៃ ហើយគ្រោងនឹងចាប់ផ្តើម នៅឆ្នាំក្រោយនេះ ស្របពេលផ្នែកសំខាន់ៗ របស់រថយន្តអគ្គិសនី រួមទាំងទីតាំងសាកបញ្ចូលថ្ម ក៏អាចនឹងផលិតនៅក្នុងប្រទេស នាពេលខាងមុខនេះផងដែរ ។

មិនតែប៉ុណ្ណោះ បន្ទាប់ពីមានកិច្ចប្រជុំរវាងលោក Prayut និងលោក Young Lui ដែលជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Foxconn Technology Group នៅសប្តាហ៍នេះ ក្រុមហ៊ុនរបស់តៃវ៉ាន់ បានប្រកាសអំពីផែនការរបស់ខ្លួន ដើម្បីចាប់ផ្តើមការដំឡើងរថយន្ត EV នៅក្នុងប្រទេសថៃ ក្នុងរយ:ពេលតិចជាងមួយទៀត ។

គួរឱ្យដឹងថា កាលពីឆ្នាំមុន ក្រុមហ៊ុន Foxconn បានយល់ព្រមសហការជាមួយក្រុមហ៊ុនប្រេង និងឧស្ម័ន PTT Plc ប្រទេសថៃ ដើម្បីបង្កើតរោងចក្រផលិតរថយន្ត EV ដែលមានតម្លៃចន្លោះពី ១ ទៅ ២ ពាន់លានដុល្លារអាមេរិក នៅឯចក្ររបៀងសេដ្ឋកិច្ចភាគខាងកើតនៃប្រទេស ។

បន្ថែមពីនេះ យោងតាមក្រុមហ៊ុនខាងលើ បានឱ្យដឹងថា គោលដៅផលិតកម្មដំបូង ត្រូវបានកំណត់ថានឹងអាចផលិតរថយន្តបាន ៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ ខណ:បរិមាណនេះ អាចនឹងកើនឡើងដល់ ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ នៅដំណាក់កាលបន្ទាប់ ៕