សណ្ឋាគារ​ប្រណិត ឈ្នះ​ពាន​លំដាប់អន្តរជាតិ​​នៅ​ខេត្ត​សៀមរាប ប្រកាស​បើក​ដំណើរការ​​ទទួល​ភ្ញៀវ​ស្នាក់​នៅ​ឡើងវិញ

អាជីវកម្ម

សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប ជា​សណ្ឋាគារ​ដ៏​ប្រណិត​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​លំដាប់​អន្តរជាតិ បានប្រកាស​បើក​ដំណើរការឡើងវិញនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​សេចក្តីប្រកាស​ព័ត៌មានដែលឧកញ៉ា​ស៍​ទទួល​បាន អ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប លោកស្រី Rina Mariani បាន​បញ្ជាក់​ថា ពេលនេះ​សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប បានត្រៀម​ខ្លួនរួចជាស្រេច ​ដើម្បីទទួលស្វាគមន៍​ភ្ញៀវជាតិ និងអន្តរជាតិ សម្រាប់​ទីកន្លែង​ស្នាក់​នៅដ៏ប្រណីត ក្នុងទឹកដី​​អច្ឆរិយវត្ថុនៃ​ព្រះរាជាណាចក្រកម្ពុជា។

ការចាប់បើកដំណើរការសណ្ឋគារ ផាកហៃយ៉ាត់ សៀមរាបឡើងវិញនេះ ភ្ញៀវអាច​ជ្រើសរើសបន្ទប់ដែលផ្តល់ជូននូវកន្លែងគេងដ៏ធំទូលាយ បន្ទប់ទឹកថ្មម៉ាបអ៊ីតាលីដ៏ប្រណីត និងការតុបតែងយ៉ាងស្រស់ស្អាត ជាមួយនឹងស្នាដៃសិល្បៈបែប​ខ្មែរ។

បន្ថែមពីលើការជ្រើសរើសបន្ទប់ដ៏ធំទូលាយ និងបន្ទប់គ្រែពីរ បន្ទប់ស្វីតរបស់សណ្ឋាគារ​ ផាកហៃយ៉ាត់ សៀមរាប ​ផ្តល់ជូននូវជម្រើសដ៏ពិសេសជាច្រើន សម្រាប់អ្នកធ្វើដំណើរ រួមទាំង Rooftop Garden Suite ដែលអាចមើលឃើញទេសភាពក្នុងទីក្រុង និងបន្ទប់ Presidential Suite ដែលមានបន្ទប់គេង២ ទំហំ ២៥០ម៉ែតការ៉េ (២,៦៦៩ sq ft) ដោយមានកន្លែងគេងដ៏ស្រស់ស្អាត និងទីធ្លាដ៏ខៀវស្រងាត់ចំនួនពីរ សម្រាប់អ្នកដែលចង់បានទីតាំងបែបឯកជន។

ដើម្បី​ស្វាគមន៍​គម្រោង ‘Welcome Back’ សណ្ឋាគារក៏នឹងផ្តល់ជូននូវអាហារប្រកប​ដោយ​ឱជារស នៅកន្លែងទទួល​ទាន​អាហារចំនួនបី គឺ The Dining Room, The Living Room និង The Glasshouse។ ទន្ទឹមនឹងនោះ ភ្ញៀវក៏អាចរីករាយ នឹង​ការ​ធ្វើម្ហូបដ៏ពិសេស ជាមួយនឹងការលាយបញ្ចូលគ្នានៃម្ហូបខ្មែរបែបប្រពៃណី និងម្ហូបអន្តរជាតិ ដែលបង្កើតឡើងដោយប្រធានផ្នែកចុងភៅខ្មែរ គឺលោក Pisith Theam៕