វៀតណាម ទាក់ទាញបានការវិនិយោគផ្ទាល់ពីបរទេស ដល់ចំនួន ១៤ ពាន់លានដុល្លារ នៅឆ្នាំនេះ

អន្តរជាតិ

ប្រទេសវៀតណាម បានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដែលមានតម្លៃរហូតដល់ ១៤ ពាន់លានដុល្លារ នៅឆ្នាំនេះ ប៉ុន្តែវាបានធ្លាក់ចុះប្រមាណ ៩% បើធៀបនឹងរយ:ពេលដូចគ្នា នៅក្នុងឆ្នាំ ២០២១ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម ក្រសួងវិនិយោគ និងផែនការ បានប្រកាសឱ្យដឹងថា សាច់ប្រាក់ជិត ៥ ពាន់លានដុល្លារ ត្រូវបានវិនិយោគចូលទៅក្នុងគម្រោងថ្មីៗ ចំនួន ៧៥២ ពោលគឺមានចំនួន ៤៨% តិចជាង ធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ហើយសល់ពីនោះគឺគម្រោងដែលមានស្រាប់ ។

មិនតែប៉ុណ្ណោះ ក្រសួងដដែលនេះ បានបញ្ជាក់ទៀតថា សាច់ប្រាក់ជាង ៨,៨៤ ពាន់លានដុល្លារផ្សេងទៀត បានវិនិយោគចូលទៅក្នុងផលិតកម្ម និង ៣,១៥ ពាន់លានដុល្លារ បានដាក់ចូលទៅក្នុងវិស័យអចលទ្រព្យ ។

គួរឱ្យដឹងថា សិង្ហបុរី គឺជាប្រទេសនាំមុខគេ ដែលបានដាក់ទឹកប្រាក់វិនិយោគរហូតដល់ ៤,១ ពាន់ដុល្លារមកកាន់ប្រទេសវៀតណាម ហើយតាមពីក្រោយដោយប្រទេសកូរ៉េខាងត្បូង និងដាណឺម៉ាក ។

ដោយឡែក ចំពោះការវិនិយោគ ពីបណ្តាប្រទេសនៅអឺរ៉ុប បានធ្លាក់ចុះ ១៣% ក្នុងរយ:ពេល ១២ ខែដំបូង ចាប់តាំងពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Vietnam (EVFTA) បានចូលជាធរមាន នៅក្នុងខែសីហា ឆ្នាំ ២០២០ មក ។

លើសពីនេះ បើយោងតាមរបាយការណ៍ពី EuroCham បាននិយាយថា ជំងឺរាតត្បាត និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន បានប៉ះពាល់យ៉ាងខ្លាំង ដល់ប្រសិទ្ធភាពរបស់កិច្ចព្រមព្រៀង EVFTA ។

បញ្ជាក់ផងដែរថា វិស័យធំៗដូចជា ការចម្រាញ់ប្រេង និងគីមីឥន្ធន: រួមទាំងការផលិត និងចែកចាយអគ្គិសនី គឺជាវិស័យឈានមុខគេ សម្រាប់ការវិនិយោគរបស់សហភាពអឺរ៉ុប នៅក្នុងប្រទេសវៀតណាម ៕