ឧកញ៉ា ចាន់ សុឃាំង លាតត្រដាងពីសុខភាពស្រូវអង្ករកម្ពុជា និងច្រកនាំចេញទៅទីផ្សារអន្តរជាតិកាន់តែធំ  

ជុំវិញ​ឧកញ៉ា

ក្នុងបទសម្ភាសន៍ពិសេស កម្មវិធី “សេដ្ឋី និងជំនួញ” រវាងក្រុមការងារ Oknha News ជាមួយលោក ឧកញ៉ា ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុន Signature of Asia Co Ltd., និងជាអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានពន្យល់យ៉ាងក្បោះក្បាយពីស្ថានភាពទីផ្សារស្រូវអង្ករកម្ពុជា ជាពិសេសការនាំអង្ករកម្ពុជាចេញទៅលក់នៅបរទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ចាន់ សុឃាំង បានបើកបង្ហាញពីបញ្ហាប្រឈម និងដំណោះស្រាយមួយចំនួន ដែលភាគីពាក់ព័ន្ធទាំងអស់ត្រូវស្វែងយល់ យោគយល់ និងចូលរួមឱ្យខានតែបាន ដើម្បីជំរុញទីផ្សារស្រូវអង្ករទាំងក្នុងស្រុក និងការនាំចេញទៅទីផ្សារបរទេស។

ឈរលើបទពិសោធន៍ជាង ១០ឆ្នាំក្នុងវិស័យស្រូវអង្ករ និងបានរួមចំណែកនាំអង្ករខ្មែរ លក់ចេញទៅទីផ្សារអន្តរជាតិ ប្រមាណជាង ៣,៥ម៉ឺនតោនក្នុងមួយឆ្នាំ តាមរយៈក្រុមហ៊ុន Signature of Asia Co Ltd., លោកឧកញ៉ា ចាន់ សុឃាំង បានពន្យល់ពីបច្ចុប្បន្នភាព បញ្ហាប្រឈម ដំណោះស្រាយ និងវឌ្ឍនៈភាព ស្រូវអង្ករកម្ពុជា ក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ Oknha News ដូចខាងក្រោម៖

ឧកញ៉ាញូញ៍៖ ជម្រាបសួរ លោកឧកញ៉ា ផ្ដើមសំនួរដំបូង ចង់ជម្រាបសួរថា តើអ្វីជាបញ្ហាប្រឈមធំៗរបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករទៅទីផ្សារអន្តរជាតិ សព្វថ្ងៃនេះ?

ឧកញ៉ា ចាន់ សុឃាំង៖ បញ្ហាប្រឈមសម្រាប់ម្ចាស់រោចចក្រ និងម្ចាស់ក្រុមហ៊ុនផលិតអង្ករនាំចេញទៅក្រៅប្រទេសបច្ចុប្បន្ន គឺបញ្ហាថាមពលអគ្គិសនីតែម្ដង។ ហើយបញ្ហាអគ្គិសនីនេះ ខ្ញុំចង់រំលេចជូនថា មិនអាចបន្ទោសទៅខាងស្ថាប័ន អគ្គិសនីកម្ពុជា (EDC)យើងបានទេ ព្រោះលោកមានផលលំបាកផ្ទាល់ ដាច់ដោយឡែកដែរ ប៉ុន្តែតាមរយៈការបន្តកិច្ចសហការ និងពិភាក្សារវាងភាគីពាក់ព័ន្ធបញ្ហានេះនឹងមានដំណោះស្រាយរួមមួយ។

រាល់ថ្ងៃនេះ មានរោងម៉ាស៊ីនកិនស្រូវធំៗនៅកម្ពុជាយើងជាច្រើន បាននឹងកំពុងគិតគូ និងកំពុងប្រើប្រាស់កម្លាំងអគ្គិសនីសូឡាកិនស្រូវ ជំនួសភ្លើងវិញ ដើម្បីកាត់បន្ថយការចំណាយបានមួយផ្នែក។ ប៉ុន្តែ! បញ្ហាប្រឈមមួយទៀតរបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ពេលងាកប្រើថាមពលសូឡា នៅត្រង់ថា ថាមពលអគ្គិសនីពីសូឡា ប្រើបានតែពេលថ្ងៃ ចូលដល់ពេលយប់ប្រើអត់កើតទេ។

ក្នុងលក្ខខណ្ឌនេះ ខាងអគ្គិសនីកម្ពុជា លោកបានផ្ដល់នូវជម្រើស និងដំណោះស្រាយជូនម្ចាស់រោងម៉ាស៊ីនកិនស្រូវបន្តទៀត ដោយពួកគាត់អាចបន្តភ្ជាប់ភ្លើងជាមួយ អគ្គិសនីកម្ពុជា សម្រាប់ប្រើពេលយប់ដដែល និងបន្តកាច់ត្រង់ស្វ័យភ្លើងទៅប្រើថាមពលសូឡាពេលថ្ងៃ ប៉ុន្តែខាងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ត្រូវកំណត់ទំហំនៃការប្រើប្រាស់តាមការណែនាំរបស់ EDC។

ឧទាហរណ៍ថា ត្រង់ស្វ័រភ្លើងតចូលរោងម៉ាស៊ីនកិនស្រូវនោះ កំណត់ទំហំ ១មេកាវ៉ាត់ តចូល ដូច្នេះម្ចាស់រោងម៉ាស៊ីនត្រូវប្រើឱ្យអស់ ឬយ៉ាងហោចណាស់ ក៏ប្រហាក់ប្រហែលនោះ ទើបងាយស្រួលដល់ EDC រៀបចំបណ្ដាញភ្លើងចូល។

បញ្ហាប្រឈមមួយទៀតដែរនោះ គឺការគិតពន្ធបន្ថែម ពេលកាប៉ាល់ដឹកអង្ករពីកម្ពុជាយើង ដឹកឆ្លងកាត់ដែនទឹកប្រទេសជិតខាង ត្រូវជាប់កាតព្វកិច្ចបង់ពន្ធ ដែលនេះជាហេតុផល ធ្វើឱ្យតម្លៃថ្លៃដើមអង្ករកម្ពុជា កើនឡើងមួយកម្រិតទៀត ពិបាកលើការប្រកួតប្រជែងតម្លៃលើទីផ្សារមួយចំណែកដែរ។

ឧកញ៉ាញូញ៍៖ ក្រៅពីបញ្ហាថាមពលអគ្គិសនី តើមានបញ្ហាអ្វីផ្សេងទៀត ដែលខាងក្រុមហ៊ុននាំអង្ករចេញទៅលក់នៅក្រៅប្រទេសកំពុងជួបប្រទះ?

ឧកញ៉ា ចាន់ សុឃាំង៖ បញ្ហាកង្វះទូរកុងទីន័រ លែងជាបញ្ហាធំ ដូចកាលសម័យកូវីដទៀតហើយ ដោយឡែកបញ្ហាប្រកួតប្រជែងតម្លៃលើទីផ្សារ ក៏ជាបញ្ហាសកល ក្នុងបរិបទទីផ្សារសេរី។ ប៉ុន្តែ នៅមានបញ្ហាមួយទៀត ដែលហួសពីដែនសមត្ថកិច្ច និងការសម្របសម្រួលរបស់រាជរដ្ឋាភិបាល ក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជា គឺបញ្ហាត្រូវបង់ថ្លៃពន្ធបន្ថែម ពេលកាប៉ាល់ដឹកអង្ករយើង ឆ្លងកាត់ដែនទឹករបស់ប្រទេសជិតខាងយើង។ កត្តានេះ បានទាញឱ្យអង្ករខ្មែរយើង ចង់ ឬមិនចង់ ត្រូវតែបូកបន្ថែមតម្លៃទៅតាមហ្នឹង ដែលនាំឱ្យតម្លៃអង្ករយើងពេលចូលដល់ទីផ្សារបរទេស មានការប្រកួតប្រជែងថែមមួយកម្រិតផងដែរ។

ឧកញ៉ាញូញ៍៖ តើអ្វីជាដំណោះស្រាយ នៅចំពោះមុខបញ្ហាបង់ពន្ធបន្ថែម ពេលកម្ពុជាត្រូវដឹកអង្ករឆ្លងកាត់ដែនទឹកប្រទេសជិតខាង?

ឧកញ៉ា ចាន់ សុឃាំង៖ ពីខាងលើ ខ្ញុំបាននិយាយពីការជាប់កាតព្វកិច្ចបង់ពន្ធ ពេលកាប៉ាល់ដឹកអង្ករកម្ពុជាឆ្លងកាត់ដែនទឹកប្រទេសជិតខាង ប៉ុន្តែឆ្លើយតបនឹងបញ្ហានេះ បើនិយាយពីការគាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់សហព័ន្ធស្រូអង្ករកម្ពុជា ក៏ដូចជាម្ចាស់ក្រុមហ៊ុននាំអង្ករចេញ រដ្ឋគិតគូបានវែងឆ្ងាយមែនទែន។

នៅចំពោះមុខ រឿងបង់ពន្ធពេលឆ្លងកាត់ដែនទឹកប្រទេសជិតខាង ខ្ញុំមើលឃើញថា រាជរដ្ឋាភិបាលបាននឹងកំពុង ជួយគ្រប់វិធី។

នៅត្រង់ចំណុចនេះ ខ្ញុំមើលឃើញយ៉ាងច្បាស់ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងវ័យឆ្លាត របស់ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន! ថ្មីៗនេះ ដូចដែលប្រជាពលរដ្ឋបានជ្រាបរួចមកហើយថា ខាងក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននឹងកំពុងដាក់ផែនការមេ សិក្សា និងត្រៀមបង្កើតព្រែកជីក កាត់ពីទន្លេមេគង្គយើង ទម្លុះភ្ជាប់ទៅដែនសមុទ្រកម្ពុជា។

ការដាក់ផែនការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពីដែនទឹកសាប ភ្ជាប់ទៅសមុទ្រកម្ពុជាខេត្តកែប បន្តទៅកំពង់ផែទឹកជ្រៅខេត្តកំពត ជាប្រវត្តិសាស្ត្រក្នុងសម័យតេជោនេះ រូបខ្ញុំផ្ទាល់ រួមទាំងសហព័ន្ធស្រូវអង្ករកម្ពុជា ក៏ដូចជាអ្នកជំនួញខាងនាំចេញអង្ករ មើលឃើញយ៉ាងច្បាស់ពីផលចំណេញដល់សេដ្ឋកិច្ចជាតិ ទាំងលើវិស័យដឹកជញ្ជូនទូទៅ និងការនាំចេញអង្ករកម្ពុជាចេញទៅទីផ្សារក្រៅប្រទេស។

ឧកញ៉ាញូញ៍៖ ដោយឡែក បើនិយាយពីការគាំទ្រពីខាងរដ្ឋាភិបាលកម្ពុជាវិញ តើលោកឧកញ៉ា មើលឃើញថា រដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធបានគាំទ្រ និងបន្តសម្របសម្រួលអ្វីខ្លះ ដល់ក្រុមហ៊ុននាំអង្ករចេញ?

ឧកញ៉ា ចាន់ សុឃាំង៖ បើនិយាយពីការគាំទ្រ តាំងពីដើមមក រដ្ឋាភិបាល តែងតែ និងនៅតែបន្តគាំទ្រ ក៏ដូចជាផ្ដល់លក្ខខណ្ឌពិសេសជាច្រើន។ ក្នុងនោះ មានដូចជា៖ ការសម្របសម្រួលផ្ដល់អត្រាការប្រាក់ពិសេសពីធនាគារដៃគូពាក់ព័ន្ធលើការវិនិយោគស្រូវអង្ករ ការជួយសម្របសម្រួលបន្ធូរបន្ថយតម្លៃអគ្គិសនី ការសម្របសម្រួលការនាំចេញនៅកំពង់ផែ សម្របសម្រួលលើពន្ធគយ និងពន្ធលើប្រាក់ចំណេញ ពន្ធកាត់ទុកផ្សេងៗជាដើម។​

ការជួយជ្រោមជ្រែងដោយគ្មានល​.ខ ពីសំណាក់រាជរដ្ឋាភិបាលនេះហើយ ធ្វើឱ្យចរន្តនៃការនាំចេញ និងផលិតអង្ករនៅកម្ពុជា នៅតែអាចបន្តឈរជើងបានរឹងមាំ ជាពិសេសប្រកួតប្រជែងជាមួយប្រទេសជិតខាង លើទីផ្សារអន្តរជាតិមកទល់សព្វថ្ងៃនេះ។  

ឧកញ៉ាញូញ៍៖ ងាកមកចាប់អារម្មណ៍ពីបញ្ហាប្រឈមរបស់ប្រជាកសិករក្នុងស្រុកយើងវិញ! បញ្ហាជីកសិកម្មបន្តឡើងថ្លៃ គឺជាក្ដីកង្វល់របស់ប្រជាកសិករខ្មែរ តើលោក ឧកញ៉ា យល់ឃើញយ៉ាងណា?

លោកឧកញ៉ា ចាន់ សុឃាំង៖ មុននឹងនិយាយលម្អិតទៅលើបញ្ហាតម្លៃជីឡើងថ្លៃ ខ្ញុំចង់ពន្យល់ដល់បងប្អូនប្រជាកសិករខ្មែរយើងបន្តិច! ការធ្វើកសិកម្មនៅកម្ពុជាយើងសព្វថ្ងៃ ចូលមកដល់របត់ ២ នោះគឺការធ្វើស្រែចម្ការលក្ខណៈអាជីព និងការធ្វើស្រែចម្ការតាមបែបប្រពៃណី។ អ៊ីចឹង! បើពួកគាត់បន្តធ្វើស្រែតាមបែបប្រពៃណី ពួកគាត់ច្បាស់ជាត្រូវប្រឈមដោយជៀសមិនផុតឡើយ។

ការធ្វើការងារតាមបែបប្រពៃណីនេះ ខ្ញុំចង់សំដៅលើការចំណាយពេលវេលាធ្វើស្រែបានតិចតួច(ពាក់កណ្ដាល ពាក់កណ្ដាល) ផ្ទៃដីធ្វើស្រែមានតិចតួច ដូច្នេះទិន្នផលក៏បានតិចតួចទៅតាមហ្នឹងដែរ។

អ្វីដែលបងប្អូនប្រជាកសិករលើកឡើងនេះ មិនខុសទេ! ប៉ុន្តែផ្អែកតាមបទពិសោធន៍ខ្ញុំ បន្តតាមដាន និងចុះធ្វើការផ្ទាល់ជាមួយប្រជាកសិករជាច្រើនក្នុងវិស័យស្រូវអង្ករនេះ ក៏ដូចជាការពិភាក្សាជាមួយអ្នកជំនាញជាបន្តបន្ទាប់ ខ្ញុំយល់ឃើញថា បងប្អូនប្រជាកសិករខ្មែរនៅតែមានឱកាសទទួលផលចំណេញពីការធ្វើស្រែ បើសិនជាគាត់អាចមានលទ្ធភាពពង្រីកផ្ទៃដីកសិកម្មឱ្យបានដល់ ចាប់ពី ១០ ទៅ១៥ហិចតា និងចំណាយពេលវេលា ដាក់កម្លាំងកាយ ដាក់កាយ ប្រឡូកក្នុងការងារកសិកម្មនោះឱ្យពេញទំហឹងតាមលក្ខណៈអាជីព។ ដោយឡែក ចំពោះបញ្ហាជីឡើងថ្លៃ គឺជារឿងសកល ដែលមិនមែនឡើងតែប្រទេសយើងនោះទេ!  

ក្រុមហ៊ុននាំចេញអង្ករ Signature of Asia Co Ltd., របស់លោកឧកញ៉ា ចាន់ សុឃាំង គឺជាក្រុមហ៊ុននាំចេញអង្ករទៅទីផ្សារអន្តរជាតិមួយ ក្នុងចំណោមក្រុមហ៊ុនក្នុងស្រុកធំៗជាច្រើនផ្សេងទៀត ដែលបានរួមចំណែកក្នុងទីផ្សារនាំអង្ករកម្ពុជាទៅលក់នៅក្រៅប្រទេស។

បច្ចុប្បន្ន ក្រុមហ៊ុន Signature of Asia Co Ltd., សម្រេចការនាំអង្ករខ្មែរ លក់ចេញទៅទីផ្សារអន្តរជាតិ បានប្រមាណជាង ៣,៥ម៉ឺនតោនក្នុងមួយឆ្នាំ។ ទៅថ្ងៃមុខ ក្រុមហ៊ុននេះ គ្រោងនឹងជំរុញការនាំអង្ករចេញទៅទីផ្សារអន្តរជាតិឱ្យបានដល់ ៧ ទៅ៨ម៉ឺនតោន ក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកឧកញ៉ា ចាន់ សុខឃាំង អគ្គនាយកក្រុមហ៊ុន Signature of Asia Co Ltd., និងជាអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

ដោយឡែក បើយោងតាមស្ថិតិចេញដោយ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថាការ នាំចេញ អង្ករចាប់ ពីខែ មករា ដល់ ខែឧសភា ឆ្នាំ ២០២២ កម្ពុជាបាននាំចេញអង្ករ ទៅបណ្តា ប្រទេសជា សមាជិកអាស៊ាន មានចំនួន  ២៥ ៦៩១តោន កើនឡើង  ១៧,៥៩ភាគរយ  បើ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ក្នុងនោះប្រទេសម៉ាឡេស៊ី ទិញអង្ករពីកម្ពុជា ចំនួន ១៥ ១២០ តោន, ប្រ៊ុយណេ  ៨ ០២២ តោន , សិង្ហបុរី ១ ៥៤៩ តោន និងវៀតណាម ១ ០០០ តោន៕