លោក Ferdinand Marcos Jr បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ១៧ របស់ប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះ ទី ៣០ ខែមិថុនានេះ ដោយចូលជំនួសតំណែងរបស់ប្រធានាធិបតីផុតអាណត្តិ លោក Rodrigo Duterte ។
លោក Marcos Jr ឬត្រូវគេស្គាល់យ៉ាងទូលំទូលាយថា “Bongbong” បានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី ៩ ខែឧសភា នៅលើវេទិកានៃការរួបរួមជាតិ រួមជាមួយនឹងការសន្យា ក្នុងការផ្តល់ការងារឱ្យពលរដ្ឋកាន់តែច្រើន និងបន្ថែមការវិនិយោគ កាន់តែច្រើន ទៅក្នុងវិស័យកសិកម្ម និងហេដ្ឋរចនាសម្ព័ន្ធផងដែរ ។
គួរឱ្យដឹងថា អតីតសមាជិកពឹ្រទ្ធសភា និងសមាជិកសភារូបនេះ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី វេលាម៉ោង ១២ នៅឯសារមន្ទីរវិចិត្រសិល្ប:ជាតិ ក្នុងរដ្ឋធានីម៉ានីល នៅចំពោះមុខប្រធានតុលាការកំពូល លោក Alexander Gesmundo ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNN ។
មិនតែប៉ុណ្ណោះ ដោយថ្លែងដោយក្នុងសុន្ទរកថា ក្នុងការចូលកាន់តំណែង លោក Marcos Jr បាននិយាយថា ៖ ” នេះជាឱកាសប្រវត្តិសាស្រ្តសម្រាប់យើងទាំងអស់គ្នា ។ ហើយអ្នកទាំងអស់គ្នាបានជ្រើសរើសយកខ្ញុំ ដើម្បីបម្រើអ្នកទាំងអស់គ្នា ឱ្យមានការផ្លាស់ប្តូរ ឆ្ពោះទៅរកផលប្រយោជន៍រួមទាំងអស់គ្នា ” ។
បញ្ជាក់ផងដែរថា អនុប្រធានាធិបតី Sara Duterte-Carpio ដែលជាកូនស្រីរបស់អតីតប្រធានាធិបតី លោក Rodrigo Duterte ក៏បានស្បថចូលកាន់តំណែង កាលពីថ្ងៃទី ១៩ ខែមិថុនាកន្លងទៅផងដែរ ខណ:ទាំង Sara និង លោក Marcos នឹងកាន់តំណែង រហូតដល់ឆ្នាំ ២០២៨ ៕