នារសៀល ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតអោយលោក URATA Kazuya ប្រធានក្រុមហ៊ុន URATA (Cambodia) co.,Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងតែយកចិត្តទុកដាក់ខ្លាំងលើវិស័យសំណង់នៅកម្ពុជា ដើម្បីបញ្ចៀសហានិភ័យនានា ដូចដែលធ្លាប់មានការបាក់អគារជាច្រើនជាន់នៅព្រះសីហនុ និងនៅខេត្តកែប នាពេលកន្លងមក។ រយៈពេលពីរបីឆ្នាំចុងក្រោយនេះ ក្រសួងបានតាក់តែងច្បាប់ស្តីពីសំណង់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាច្រើន ព្រមទាំងបានធ្វើសិក្ខាសាលាបណ្តុះបណ្តាលពីច្បាប់សំណង់នេះ ដល់មន្ត្រីរាជការ វិស្វករ និងក្រុមហ៊ុនសំណង់ជាច្រើនផងដែរ។
ក្រុមហ៊ុន URATA (Cambodia) co.,Ltd. បានបង្កើតឡើង តាំងពីខែឧសភា ឆ្នាំ២០១៥ ដែលផ្តោតសំខាន់ទៅលើ ការសាងសង់អគារ សំណង់ស៊ីវិល សំណង់ឈើ និង Kite-earthwork។ ក្រុមហ៊ុននេះ មានចក្ខុវិស័យ លើកកម្ពស់វិស្វករ និងរចនាសម្ព័ន្ធកសាងប្រទេសជាតិជាមួយប្រជាជនកម្ពុជា ដោយបច្ចេកទេសសំណង់ និងបច្ចេកវិទ្យាទំនើបរបស់ជប៉ុន៕