លោក វេជ្ជបណ្ឌិត លី ចេងហ៊ុយ អ្នកជំនាញមួយរូបនៅក្នុងវិស័យសុខាភិបាលកម្ពុជា បានលើកឡើងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២០ នេះថា តាំងពីផ្អើលការរាលដាលមេរោគកូរ៉ូណាវីរុសថ្មី ដែលកើតឡើងមុនដំបូងនៅអ៊ូហាន ប្រទេសចិនមក មានព័ត៌មានជាច្រើន ខ្លះពិតខ្លះមិនពិត ដែលបានផ្សព្វផ្សាយ ដោយសាធារណជន និងស្ថាប័នមួយចំនួន។
ទន្ទឹមគ្នានេះ លោក វេជ្ជបណ្ឌិត លី ចេងហ៊ុយ បានលើកឡើងបន្តថា ដោយសារការកំណត់ឈ្មោះជម្ងឺ ប្រភពមេរោគ របៀបឆ្លងមេរោគ រោគសញ្ញា ការវិវត្តន៍ និងការព្យាបាលនៃជំងឺ នៅមិនទាន់បានច្បាស់លាស់នៅឡើយ ទើបមានការលំបាកក្នុងការជឿជាក់ និងចាត់វិធានការឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ១០០%។
ហេតុនេះ លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ក៏បានចូលរួមចែករំលែកព័ត៌មាន និងចំណេះដឹងមួយចំនួន ស្តឺពីមេរោគអ៊ូហាន ឬមេរោគកូរ៉ូណាថ្មី ជូនសាធារណៈជន ទុកគ្រាន់ជាការយល់ដឹង និងជាអាវុធការពារខ្លួន។
ក្នុងនោះលោកវេជ្ជបណ្ឌិតបញ្ជាក់ដូច្នេះថា «ជាកិច្ចបន្ទាន់ ដើម្បីថែទាំសុខភាពពីការរាតត្បាតមេរោគអ៊ូហាន ខ្ញុំសូមជូន «វិធាន៣គួរ៣កុំ» ងាយស្រួលចងចាំ និងប្រតិបត្តិតាម ដូចតទៅ៖
+
គួរ៣ប្រការ៖
១-គួរលាងដៃជាមួយសាប៊ូ ឬអាល់កុល
ឲ្យបានញឹកញាប់ ជាពិសេសមុននិងក្រោយប៉ះកាន់អ្វីមួយ។
២-គួរពាក់ម៉ាស់ នៅពេលក្អកកណ្តាស់
និងនៅពេលនៅទីប្រជុំជន ដែលមានមនុស្សច្រើនកុះករ។
៣-គួរជួបពិគ្រោះ និងព្យាបាល
ជាមួយគ្រូពេទ្យជំនាញត្រឹមត្រូវ បើសង្ស័យឬមានអាការរោគមិនស្រួលខ្លួន។
+ កុំ៣ប្រការ៖
១-កុំពិសារសាច់សត្វឆៅ ឬចម្អិនមិនបានល្អ ជាពិសេសសាច់សត្វព្រៃ។
២-កុំទៅកន្លែងដែលចិញ្ចឹម ឬសម្បូរសត្វព្រៃ និងសត្វស្លាប ឬបក្សាបក្សី។
៣-កុំនៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកន្លែងដែលមានអ្នកមានរោគសញ្ញាជម្ងឺផ្លូវដង្ហើមជាដើម។
រហូតមកដល់ពេលនេះ តាមការបញ្ជាក់របស់រដ្ឋមន្រ្តីសុខាភិបាលកម្ពុជា បានឲ្យដឹងថា ទើបនឹងមានករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ១ករណីតែប៉ុណ្ណោះ នៅកម្ពុជា។ មេរោគនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ អាយុ៦០ឆ្នាំ ដែលធ្វើដំណើរពីក្រុងវូហាន ខេត្តហ៊ួប៉ី ប្រទេសចិន ចូលមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនរូបនោះ មកជាមួយក្រុមគ្រួសារ៣នាក់ទៀត ប៉ុន្តែក្រុមគ្រួសាររបស់គាត់ រហូតមកដល់ពេលនេះ ពុំទាន់រកឃើញថាបានឆ្លងជំងឺកាចសាហាវនេះឡើយ។
ហេតុនេះ ពាក់ព័ន្ធនៅតែអំពាវឲ្យសារធាណៈជន ថែរក្សាសុខភាពផ្ទាល់ខ្លួន និងប្រុងប្រយ័ត្នការពារខ្លួនពីកូរ៉ូណាវីរុសថ្មី ខណៈក្រសួងសុខាភិបាលកម្ពុជាកំពុងតែដុតដៃដុតជើងលើរឿងនេះ៕ អត្ថបទ៖ សិរីកា