សម្ដេច ស ខេង៖កម្ពុជា ប្តេជ្ញាប្រឆាំងការសម្អាតប្រាក់​កខ្វក់ ដើម្បីគេចចេញពីបញ្ជីប្រផេះ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង លើការងារប្រឆាំងការសម្អាតប្រាក់កខ្វក់(ការលាសងលុយកខ្វក់) ដើម្បីឈានទៅដល់ការដកកម្ពុជាចេញពីប្រទេសប្រផេះ ក្នុងបញ្ជីនៃអង្គការហិរញ្ញវត្ថុ FATF ពាក់ព័ន្ធនឹងការបញ្ជូនរបាយការណ៍ និងចំនួននៃការស៊ើបសង្កេត និងការចោទប្រកាន់ពីបទសម្អាតប្រាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសប្តេជ្ញានេះ ត្រូវបានធ្វើឡើងដោយ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ហៅកាត់ថា គ.ស.ហ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

សម្ដេច ស ខេង បានលើកឡើងយ៉ាងដូច្នេះថា «យ៉ាងណា យើងចាត់ទុកថា បើបញ្ជីប្រផេះនេះមិនត្រូវបានដកចេញពីកម្ពុជាទេ ធនាគាររបស់យើងនឹងមានឧបសគ្គក្នុងប្រតិបត្តិការ។ នេះហើយជាបញ្ហាដែលយើងប្ដេជ្ញារួមគ្នាដកកម្ពុជាចេញពីបញ្ជីប្រផេះ ហើយទាំងអស់គ្នាមានភារកិច្ចចូលរួម»។

សម្ដេចក៏ បានឲ្យដឹងថា ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការសម្អាតប្រាក់ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការប្រឆាំងហិរញ្ញប្បទានភេវរកម្ម ប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ជាមួយគ្នានេះ សម្ដេច ក៏បានណែនាំឲ្យប្រធានស្ថាប័នផ្ដល់អាទិភាពខ្ពស់លើការងារប្រឆាំងការសម្អាតប្រាក់។

សម្ដេចបានបន្ថែមថា «នៅទីនេះ ទោះបីថាមានវត្តមាន ឬមិនមានវត្តមាន ឬមានតំណាងមកជំនួស ខ្ញុំសូមត្រឡប់ទៅវិញ គឺរាយការណ៍ជូនប្រធានស្ថាប័នជាបន្ទាន់ ដើម្បីចាត់វិធានការណ៍តាមសមត្ថកិច្ចរបស់ខ្លួន រួមចំណែកដល់ការលើកស្ទួយមុខមាត់កម្ពុជា ពិសេសការប្ដេជ្ញាចិត្តរបស់យើងចេញពីបញ្ជីប្រផេះនេះឲ្យបានដែលជាការគោលដៅ និងការប្ដេជ្ញាចិត្តរបស់យើង។ បញ្ហាមិនមែនតែពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទេ វាក៏ពាក់ព័ន្ធនឹងអំពើពុរលួយ បទល្មើសព្រៃឈើ បទល្មើសនេសាទ និងបទល្មើសផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការដាក់បញ្ចូលកកម្ពុជាក្នុងបញ្ជីប្រផេះនេះ»។

សូមរម្លឹកដែរថា ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី៤ ខែមីនា បានសម្រេចបន្តដាក់កម្ពុជាឲ្យស្ថិតក្នុង«បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដានក្នុងឆ្នាំនេះ។ ការ​រក្សា​ចំណាត់ថ្នាក់ដដែលនេះ គឺមិនមានន័យថា កម្ពុជាមានការប្រសើរឡើងទេ ទោះបីជាកម្ពុជាបានខិត​ខំប្រឹង​ប្រែង ធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឬការលាងលុយកខ្វក់ តាំងពីឆ្នាំពី២០២០ក៏ដោយ។

ដូចកាលពីឆ្នាំ២០២១ដែរ គឺកម្ពុជា​​នៅ​តែបន្តស្ថិត​ក្នុង​ក្រសែភ្នែកនៃការតាមដាន​អំពើ​លាង​លុយ​កខ្វល់ជាដដែល ខណៈឆ្នាំ២០២២នេះក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) សម្រេចរក្សាកម្ពុជានៅក្នុង «បញ្ជីប្រផេះ»។ បញ្ជីប្រផេះដែលមានន័យថា កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសដែលមានហានិភ័យលើ​ការ​លាងលុយ​កខ្វក់។ដោយឡែក ចំពោះវិស័យ​ដែល​រងហានិភ័យ​ខ្ពស់​ខាង​អំពើលាងលុយ​កខ្វក់​នៅ​កម្ពុជា រួមមាន វិស័យ​ធនាគារ ហិរញ្ញវត្ថុ វិស័យសំណង់ អចលនទ្រព្យ និង​វិស័យ​កាស៊ីណូ៕