ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបង្ហើបឱ្យដឹងថា កម្ពុជាកំពុងសិក្សាលើលទ្ធភាពផ្សេងៗ ក្នុងការតភ្ជាប់ផ្លូវរថយន្តភ្លើងល្បឿនលឿនពីប្រទេសឡាវ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន ព្រោះការដឹកជញ្ជូនតាមរថភ្លើង មានភាពប្រសើរ និងចំណេញពេលវេលាជាងដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។
លោកឧកញ៉ា បានថ្លែងប្រាប់ដល់ឧកញ៉ាញូស៍ កាលពីពេលថ្មីៗនេះថា កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោកបានដឹកនាំប្រតិភូកម្ពុជា មានប្រមាណជាង ៣០ក្រុមហ៊ុន ទៅធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសឡាវ ដោយមានបំណងស្វែងយល់ និងសិក្សាពីផ្លូវរថភ្លើង ក្នុងការតភ្ជាប់ពីប្រទេសចិន (ទីក្រុងគុនមីង) មកទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ឆ្លងកាត់ប្រទេសថៃ និងមកដល់កម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត។
សម្រាប់ការសិក្សាជាជំហានដំបូងនេះ លោកឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់បន្ថែមថា៖ “សម្រាប់ប្រតិបត្តិការផ្លូវរថភ្លើងពីចិនមកឡាវ បានដំណើរការហើយ គិតរយៈពេលយ៉ាងយូរបំផុតត្រឹម៣ថ្ងៃក្នុងការដឹកជញ្ជូន។ បើឆ្លងកាត់ថៃ គឺត្រូវការពេលប្រហែល២ថ្ងៃទៀត ទើបដល់កម្ពុជា។ និយាយជារួម យើងវាយតម្លៃថា ការដឹកជញ្ជូនភ្ជាប់ពីទីក្រុងគុនមីង ប្រទេសចិន មកដល់កម្ពុជា អាចនឹងប្រើពេលសរុបប្រហែល១សប្តាហ៍។ ទោះយ៉ាងណា នេះជាការសិក្សាជាបឋម ហើយភាគីកម្ពុជា នឹងបន្តសិក្សាជាមួយឡាវទៀត ដែលត្រូវសម្រួលបែបបទជាច្រើនដូចជា បែបបទគយ និងបែបបទនៃការឆ្លងកាត់ព្រំដែន ជាដើម”។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្តម គង់ វិមាន អ្នកនាំពាក្យក្រសួងការងារ និងដឹកជញ្ជូន ក៏បានប្រាប់ឱ្យសារព័ត៌មានដឹងផងដែរថា ក្រសួងនឹងសហការជាមួយក្រុមហ៊ុនចិននាពេលបច្ចុប្បន្ន ដើម្បីខិតខំស្វែងរកផ្លូវ ដែលមានសក្តានុពល សម្រាប់សាងសង់ផ្លូវរថភ្លើង តភ្ជាប់ពីកម្ពុជាទៅកាន់ប្រទេសឡាវ នាពេលខាងមុខ៕