ចាប់ពីថ្ងៃ១កក្កដានេះទៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ​ នឹង​បង្ក្រាប​យ៉ាងម៉ឺងម៉ាត់ ចំពោះរថយន្តគ្មានពន្ធ

សង្គម​ និង​សេដ្ឋកិច្ច

ចាប់ពីថ្ងៃទី០១ ខែកក្កដា នេះតទៅ អគ្គនាយកដ្ឋានគយនិង រដ្ឋាករ​កម្ពុជា នឹង​អនុវត្តវិធានការបង្ក្រាប​យ៉ាងម៉ឺងម៉ាត់​ចំពោះ​រថ​យន្តគ្មានពន្ធដែលមានស្រាប់ក្នុងប្រទេស ខណៈរយៈពេល​សម្រាប់​ឲ្យម្ចាស់​រថយន្តគ្មានពន្ធ ទៅបំពេញ​កាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ បានដល់ថ្ងៃឱសានវាទកាល​ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២  ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកដ្ឋានគយនិង រដ្ឋាករ​កម្ពុជា បានបញ្ជាក់ថា ចំពោះរថយន្តចង្កូតឆ្វេងដែលបង្ក្រាបបាន នឹង​តម្រូវ​ឱ្យបង់ពន្ធនិង​អាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។ ចំណែកឯ រថយន្តចង្កូត​ស្តាំដែលជាប្រភេទទំនិញហាមឃាត់ការ​នាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះបំបែក​ជាគ្រឿងបន្លាស់ តាមនីតិវិធីជាធរមាន។

លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​​រដ្ឋាករ​​កម្ពុជា ធ្លាប់បាន​លើក​ឡើងថា យានយន្តជាប្រភពចំណូលពន្ធមួយយ៉ាងសំខាន់ ដែលដើរតួនាទី​៤៣​ភាគ​រយ ទៅ៤៥​ភាគរយ នៃចំណូល​សរុបដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា​​ប្រមូលប្រចាំឆ្នាំ។ កាលពីឆ្នាំ​២០​១៩ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជា ដំណើរការល្អ ការប្រមូល​​ចំណូល​​លើសផែនការ ៤២ភាគរយ ក្នុងនោះជាង៥៣ភាគរយ នៃចំណូលដែលប្រមូលបាន គឺបានមក​ពីចំណូលពន្ធពី​យានយន្ត។

គិតត្រឹមរយៈពេល៤ខែ ដើមឆ្នាំ២០២២ ការបង្រ្កាប​រថយន្ត​គ្មាន​ពន្ធ មានស្រាប់​ក្នុង​ប្រទេស ជ្រក​ក្រោមផ្លាកលេខផ្សេងៗ បានចំនួន១៧៨​គ្រឿង គិតជាចំណូលពន្ធ​ប្រមាណ​៦៥ម៉ឺន​ដុល្លារ៕