យោងតាមក្រសួងពាណិជ្ជកម្ម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន នឹងប្រឆាំងដាច់ខាត ទាក់ទងទៅនឹងការដាក់បញ្ចូលក្រុមហ៊ុនចិន ចូលទៅក្នុងបញ្ចីខ្មៅ ដោយសហរដ្ឋអាមេរិក ហើយនឹងចាត់វិធានការចាំបាច់ណាមួយ ដើម្បីការពារផលប្រយោជន៍ដល់ក្រុមហ៊ុនទាំងនោះ ។
ជាការពិតណាស់ ថ្មីៗនេះ រដ្ឋបាលប្រធានាធិបតីអាមេរិក Joe Biden បានបន្ថែមក្រុមហ៊ុនចិនចំនួន ៥ ទៀត ទៅក្នុងបញ្ជីខ្មៅនៃទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួន សម្រាប់ការចោទប្រកាន់ ថាបានគាំទ្រដល់មូលដ្ឋានឧស្សាហកម្មយោធា និងការពារជាតិរបស់រុស្ស៊ី ស្របពេលសហរដ្ឋអាមេរិក កំពុងតែពង្រីកសាច់ដុំរបស់ខ្លួន ដើម្បីអនុវត្តទណ្ឌកម្មប្រឆាំងទៅនឹងរដ្ឋាភិបាលរបស់ទីក្រុងម៉ូស្គូ ជុំវិញការឈា្លនពានទៅលើប្រទេសអ៊ុយក្រែន ។
តែទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិន លោកស្រី Shu Jueting បាននិយាយនៅក្នុងសន្និសីទកាសែតជារឿយៗថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិក អាចនឹងកែតម្រូវចំពោះកំហុសរបស់ពួកគេភ្លាមៗ ហើយនិងបញ្ឈប់ការបង្ក្រាបទៅលើក្រុមហ៊ុនចិន ។
មិនតែប៉ុណ្ណោះ លោកស្រី Shu បានសង្កត់ធ្ងន់ទៀតថា សកម្មភាពបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ និងច្បាប់ពាណិជ្ជកម្ម រួមទាំងការគំរាមកំហែងដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកលថែមទៀតផង ។
អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ផងដែរថា ប្រទេសចិននឹងមិនឈរឱបដៃមើលនោះទេ ដោយនឹងចាត់វិធានការចាំបាច់ណាមួយ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់សម្រាប់សហគ្រាសរបស់ចិន និងការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ៕