កូនត្រី និងត្រីមេពូជប្រមាណ១លានក្បាល និងកូនបង្កងទឹកសាប ប្រមាណ២០ម៉ឺនក្បាលបន្ថែមទៀត ត្រូវបានលែង ដើម្បីអបអសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២។ទិវាមច្ឆជាតិ១កក្កដា ឆ្នាំនេះ ត្រូវបានប្រារព្ធឡើងនៅអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ កាលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមាន សម្តេច ហ៊ុន សែន។
បើតាមរបាយការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនត្រី និងត្រីមេពូជប្រមាណ ១លានក្បាលដែលត្រូវលែងនាថ្ងៃនេះរួមមាន៖ ប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីប្រា និងត្រីកន្ធរ រួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជាត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែបជាដើម។ ក្រៅតែពីលែងកូនត្រី និងត្រីមេពូជហើយ កម្មវិធីនេះក៏មានការលែងកូនបង្កងទឹកសាបជាថ្មី ប្រមាណ ២០ម៉ឺនក្បាលបន្ថែមទៀតផងដែរ។
ថ្លែងក្នុងកម្ពុជាវិធីនោះដែរ សម្តេច ហ៊ុន សែន បានឲ្យដឹងថា នេះ គឺជាវត្តមានលើកទី២ ដែលសម្តេច បាន ដាក់ឱ្យដំណើរការអាងត្រពាំងថ្មនេះ បន្ទាប់ពីជួសជុល និងកែលំអររួចរាល់ កាលពីអំឡុងខែមីនា ឆ្នាំ២០០៦។
សម្តេចថា ការព្រលែងកូនត្រី និងត្រីមេពូជនាថ្ងៃនេះ គឺជារឿងល្អមួយសម្រាប់បង្កើនផលត្រីសម្រាប់ប្រជាពលរដ្ឋ ហើយការលែងត្រីមិនមែនធ្វើតែក្នុងទិវាមច្ឆជាតិ១កក្កដានោះទេ គឺអាចធ្វើរាល់ថ្ងៃ អោយតែមានកន្លែងព្រលែង(ទឹក) និងមានពូជត្រីសម្រាប់ព្រលែង។ ការដាំកូនឈើក៏ដូចគ្នាដែរ មិនមែនធ្វើតែនៅក្នុងរុក្ខទិវា៩កក្កដានោះទេ គឺអាចធ្វើបានរាល់ថ្ងៃ។
ជាថ្មីម្តងទៀត សម្តេច ក៏បានក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប ទាំងអស់ត្រូវអនុវត្តន៍ឱ្យបានច្បាស់លាស់លើការកាត់ឆ្វៀលដីតំបន់អភិរក្សនៅបឹងទន្លេសាប ជូនប្រជាពលរដ្ឋដែលកាន់កាប់យូរឆ្នាំមកហើយនោះ តាមបទបញ្ជាដែលបានដាក់ចេញកន្លងទៅ៕