ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាស និងចេញបទបញ្ជាឱ្យអាជ្ញាធរមីន និងវិស័យឯកជនធ្វើយ៉ាងណាត្រូវពន្លឿនការដោះមីននៅតំបន់ចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ អស់នៅចុងឆ្នាំ២០២២នេះ ។
ការចេញបទបញ្ជានេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលទី១ ខែកក្កដា ឆ្នាំ២០២២ ។
ថ្លែងក្នុងពិធីនេះ សម្តេច ហ៊ុន សែន បានចេញបទបញ្ជាឱ្យអាជ្ញាធរមីន និងវិស័យឯកជន ធ្វើការរួមគ្នាក្នុងការដោះមីននៅតំបន់ ឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម នេះ ដោយត្រូវដោះឱ្យអស់នៅចុងឆ្នាំ២០២២នេះ និងត្រូវប្រែក្លាយតំបន់នេះជាតំបន់ដែលគ្មានមីនតទៅទៀត។
ជាមួយគ្នានោះ សម្តេចតេជោ ក៏បានណែនាំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យរៀបចំដាក់គម្រោងជួសជុលស្ពានដែលខូចខាតកន្លងមកដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នេះ ក្នុងកញ្ចប់ថវិកាសម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទនៅឆ្នាំ២០២៣ថែមទៀត។
ក្នុងទិវានោះដែរ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុន្នីរ័ត្ន រៀបចំដាក់កញ្ចប់ថវិកាសម្រាប់សម្អាតមីនដើម្បីពន្លឿនការដោះមីនឱ្យបានឆាប់រហ័សផងដែរ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់អាជ្ញាធរមីនបានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែឧសភា ឆ្នាំ២០២២ ការបោសសម្អាតមីន នៅទូទាំងប្រទេស សម្រេចបានផ្ទៃដីចំនួន ២ ៤១០ ២៤៦ ៥៦២ ម៉ែត្រក្រឡា និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១ ១៤០ ៧៩៤គ្រាប់ មីនតោនចំនួន ២៦ ០៤៣គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣ ០០៣ ៨៣៥គ្រាប់។ ដោយឡែកផ្ទៃដីដែលនៅសល់ ចំនួន ១ ៩៩០ គីឡូម៉ែត្រក្រឡា (ស្មើនឹងចម្ការមីន/គ្រាប់ចំនួន ១៤ ១២១ចម្ការ)៕