ក្រុមហ៊ុនជីបម៉ុង បរិច្ចាគថវិកា១លានដុល្លារ ​ជូន​រាជ​រដ្ឋា​ភិ​បា​​ល ដើម្បីដោះស្រាយ​បញ្ហាគ្រាប់​មីននៅទូទាំងប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនជីបម៉ុង បានប្រកាសបរិច្ចាគថវិកាចំនួន១លានដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ដែលមាន​បំណង​ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា។

សូមជម្រាបថា ពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជា​ឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរមីន បញ្ចប់​ឲ្យអស់នៅបញ្ហាគ្រាប់មីន នៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ទោះ​ត្រូវចំណាយក្នុងតម្លៃណាក៏ដោយ ដើម្បីធានាថា តំបន់នេះជាតំបន់សុវត្ថិភាព គ្មានមីន។

ការដាក់បញ្ជារបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីទទួលបានរបាការណ៍ពីស្ថានភាព នៃការគំរាម​កំហែងយ៉ាងខ្លាំង ដោយ​គ្រាប់មីន ចំពោះប្រជាពលរដ្ឋ នៅក្នុងឃុំប៉ោយចារ ក៏ដូចជាតំបន់អាងត្រពាំងថ្ម ទីដែលសម្តេចអញ្ជើញលែងកូនត្រី នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ថវិកាសម្រាប់ដោះមីន ក្នុងកញ្ចប់ថវិកាជាតិ​សម្រាប់ឆ្នាំ​២០២៣ និងឆ្នាំ២០២៤ ហើយត្រូវប្រកាសជាបណ្តើរៗនូវតំបន់គ្មានមីន។

សម្តេចតេជោ នាយកដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវដល់វិស័យឯកជន ដែលមានបំណងចូល​រួមជាមួយរាជរដ្ឋាភិបាល ក្នុងការបោសសំអាតមីន សម្តេចសូមអរគុណទុកជាមុន។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់អាជ្ញាធរមីនបានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែឧសភា ឆ្នាំ២០២២ ការបោស​សម្អាតមីន នៅទូទាំងប្រទេស សម្រេចបានផ្ទៃដីចំនួន ២ ៤១០ ២៤៦ ៥៦២ ម៉ែត្រក្រឡា និងកំទេចចោល​មីនប្រឆាំង​មនុស្ស​ចំនួន ១ ១៤០ ៧៩៤គ្រាប់ មីនតោនចំនួន ២៦ ០៤៣គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣ ០០៣ ៨៣៥គ្រាប់។ ដោយ​ឡែកផ្ទៃដី​ដែលនៅសល់ ចំនួន ១ ៩៩០ គីឡូម៉ែត្រក្រឡា (ស្មើនឹងចម្ការមីន/គ្រាប់ចំនួន ១៤ ១២១ចម្ការ)៕