តារាចម្រៀងកំពូលៗប្រចាំផលិតកម្ម Galaxy Navatra បានប្រកាសបរិច្ចាគថវិកាចំនួន ៧ពាន់ដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះឧកញ៉ា ព្រាប សុវត្ថិ ចំនួន ៣ពាន់ដុល្លារ លោក ខេម ៣ពាន់ដុល្លារ និងកញ្ញា តន់ ច័ន្ទសីម៉ា ១ពាន់ដុល្លារ។
ការចូលរួមបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកានេះ។
ភ្លាមៗ ក្រោយប៉ុន្មានម៉ោងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បរី ឡេង ណាវ៉ាត្រា គ្រុប ក៏ប្រកាសបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារផងដែរ ជាមួយនឹងរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយបញ្ហាមីននៅកម្ពុជា។
ការអំពាវនាវរបស់សម្តេចធ្វើឡើងបន្ទាប់ពីសម្តេច ទទួលបានរបាយការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនចំពោះប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២៕