ឧកញ៉ា ហេង ឡុង និងលោកជំទាវ បានប្រកាសបរិច្ចាគថវិកាចំនួន១លានដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។ ការចូលរួមបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា។
សូមជម្រាបថា ពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរមីន បញ្ចប់ឲ្យអស់នៅបញ្ហាគ្រាប់មីន នៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ទោះត្រូវចំណាយក្នុងតម្លៃណាក៏ដោយ ដើម្បីធានាថា តំបន់នេះជាតំបន់សុវត្ថិភាព គ្មានមីន។
ការដាក់បញ្ជារបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីទទួលបានរបាការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំង ដោយគ្រាប់មីន ចំពោះប្រជាពលរដ្ឋ នៅក្នុងឃុំប៉ោយចារ ក៏ដូចជាតំបន់អាងត្រពាំងថ្ម ទីដែលសម្តេចអញ្ជើញលែងកូនត្រី នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។