មហាសេដ្ឋី Jeff Bezos រិះគន់​ប្រធានាធិបតី​អាមេរិក​ចំៗ ក្រោយ​មាន​ការ​ទាមទារ​ទម្លាក់​តម្លៃ​ប្រេង

អន្តរជាតិ

កាលពី​ថ្ងៃសៅរ៍​កន្លង​ទៅ ប្រធានាធិបតី​អាមេរិក​ចូ បៃឌិន បាន​ធ្វើការ​បង្ហោះសារ​នៅ​លើ Twitter ដោយ​ចង់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ទាំងអស់​ទម្លាក់​តម្លៃ​ប្រេង ដ្បិត​វា​បាន​បន្ត​ឡើងថ្លៃ​ឥត​ឈប់ឈរ ដោយសារ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា សារ​របស់​ប្រធានាធិបតី​ខាងលើ​បាន​ធ្វើ​ឲ្យ​មហាសេដ្ឋី Jeff Bezos ហាក់​មាន​ការ​ទើសទាល់​ជា​ខ្លាំង រហូត​ឆ្លើយតប​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម Twitter ដូចគ្នា ដោយ​បាន​លើកឡើង​ថា បញ្ហា​អតិផរណា​ទើប​ជា​បញ្ហា​ចំបង​ដែល​រដ្ឋាភិបាល​គួរ​ចាត់​វិធានការ ជាជាង​បង្ហោះសារ​បែប​នេះ។

មហាសេដ្ឋី​មាន​បំផុត​ទី ៣ លើ​លោក​ម្នាក់​នេះ​ក៏​បាន​និយាយ​លើ Twitter ទៀត​ថា ការ​បង្ហោះសារ​បែបនេះ​គឺ​កើតឡើង​ដោយសារ​តែ​មាន​ការ​ភ័ន្ត​ច្រឡំ ឬ​អាច​មិន​យល់​ស៊ីជំរៅ​ពី​មូលដ្ឋានគ្រឹះ​នៃ​ទីផ្សារ​ដែល​មាន​សក្ដានុពល។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Fortune។

ជុំវិញ​បញ្ហា​មួយ​នេះ​លោក John Kirby ​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ជាន់​ខ្ពស់​នៅ​សេតវិមាន​បាន​ឆ្លើយ​តប​ទៅ​កាន់​លោក Jeff Bezos វិញ​តាម​រយៈ​សារព័ត៌មាន Fox News Sunday ថា ការ​បង្ហោះសារ​ខាងលើ​នោះ គឺ​ជា​ការ​ភ័ន្តច្រឡំ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Bloomberg។

សូមជម្រាបដែរថា កន្លង​មក​ចូ បៃឌិន​ក៏​ធ្លាប់​កោះ​ប្រជុំ​សភា​ស្ដី​ពី​ការ​លើកលែង​ពន្ធ​សម្រាប់​ការ​នាំចូល​ប្រេង​ផង​ដែរ ប៉ុន្តែ​សំណើ​មួយ​នោះ​ត្រូវបាន​បដិសេធ​ ស្របពេល​ប្រជាជន​អាមេរិក​កាន់​លទ្ធិប្រជាធិបតេយ្យ ៤៣% នៃ​ប្រជាជន​អាមេរិក​សរុប ៧០% មិន​យល់ស្រប​ចំពោះ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​ថ្នាក់ដឹកនាំ​អាមេរិក​ឡើយ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ការ​ស្ទង់​មតិ​ពី មជ្ឈមណ្ឌលសារព័ត៌មាន Associated Press-NORC សម្រាប់ការស្រាវជ្រាវកិច្ចការសាធារណៈ៕