ដូចដែលប្រិយមិត្តធ្លាប់បានដឹងរូចមកហើយថា អង្គការណាតូ និងសហភាពអឺរ៉ុបកំពុងមមាញឹកជាខ្លាំងក្នុងការចង់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ដោយសារមហាអំណាចមួយនេះបើកការឈ្លានពានចូលប្រទេសជិតខាងអ៊ុយក្រែន។
ក្នុងចំណោមទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ដែល EU គ្រោងនឹងធ្វើចំពោះរុស្ស៊ី គឺការរឹតបន្តឹងការនាំចេញឥន្ធនៈ រាប់តាំងពីប្រេងឆៅ ហ្គាស ផលិតផលចម្រាញ់ចេញពីប្រេងជាដើម ប៉ុន្តែកត្តាមួយនេះប្រហែលជាមិនងាយស្រួលឡើយ ដោយសាររុស្ស៊ីគឺជាស្ដេចត្រាញ់នៃការនាំចេញផលិតផលទាំងនេះលើទីផ្សារសកលលោករាប់ទសវត្សមកហើយ។
តួយ៉ាង ម៉ូយដុំធំៗរបស់រុស្ស៊ីសម្រាប់ការនាំចេញប្រេងឆៅកន្លងមកទល់នឹងបច្ចុប្បន្ន សុទ្ធសឹងតែជាប្រទេសសមាជិកណាតូ និងសហភាពអឺរ៉ុបមានដូចជាអាល្លឺម៉ង់ និងអ៊ីតាលីជាដើមសុទ្ធតែជាម៉ូយប្រេងឆៅរបស់រុស្ស៊ី។
ដោយឡែក សម្រាប់ប្រទេសនាំចូលប្រេងឆៅពីរុស្ស៊ីច្រើនបំផុតនោះគឺប្រទេសចិន ស្របពេលប្រទេសដែលជាសមាជិកណាតូ និងសហភាពអឺរ៉ុបវិញ មានហូឡង់ជាប្រទេសនាំចូលប្រេងឆៅច្រើនបំផុត បន្ទាប់មកគឺអ៊ីតាលី អាល្លឺម៉ង់ តួកគី ប៉ូឡូញ បារាំង និងប៊ុលហ្គារី។ នេះបើតាមទិន្នន័យផ្ដល់ឲ្យដោយ GPAS៕