ទម្លាយចំណូល​អ្នក​លក់​ចេកអាំងចល័ត​តាមផ្លូវ មួយ​ថ្ងៃ​រក​បាន​ប៉ុន្មាន​​​?

អាជីវកម្ម

សព្វថ្ងៃនេះការប្រកបមុខរបរលក់ចល័តតាមផ្លូវ ឃើញថាមានសន្ទុះកើនឡើងខណៈ​អាជីវកម្ម​​ក្រៅប្រព័ន្ធ​នេះ​ក៏​ចំណាយដើមទុន​តិច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃនេះឧកញ៉ាញូស៍សូមបើកបង្ហាញពីប្រាក់ចំណូល​អ្នក​របរលក់ចេកអាំងចល័តក្នុងរាជធានីភ្នំពេញ។

លោក ហេង សៀម ដែល​ប្រកបរបរលក់ចេកអាំងអស់រយៈពេល ១០ ឆ្នាំ​បានប្រាប់ឧកញ៉ាញូស៍ថា មួយថ្ងៃលោក​អាចរកចំណូលបាន​ពី ៣០ ទៅ ៤០ម៉ឺនពីមុខ​របរ​លក់​ចេក​អាំង​តាម​ផ្លូវ​។ បើកាត់​កង​ការ​ចំណាយ បុរស​រូប​នេះ​បង្ហើប​មិន​លាក់​លៀម​ អាច​សល់ជាង​​ ១០ ម៉ឺន​ដែរ​។

ចេកអាំង​ចល័ត​ដែល​បុរ​សរូ​បនេះប្រកប​ជាង ១០ ឆ្នាំ​​ គឺ​ចាប់បើកលក់​​ពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ៦ ល្ងាច។ ចំពោះទីតាំងលក់គឺចាប់ពីស្ពានក្បាលថ្នល់រហូតដល់ផ្សារបឹងត្របែក។​

លោក ហេង សៀម បាន​បង្ហើប​ថា ចេក​អាំង​របស់​លោក​ទទួលការ​គាំទ្រខ្លាំងពីបងប្អូនតាមដងផ្លូវ ដោយសារ​រសជាតិ គុណភាពបូកផ្សំនឹងតម្លៃផងដែរ។

បុរស​វ័យ ៣៧ ឆ្នាំរូបនេះបន្តថា ក្នុងមួយថ្ងៃគាត់ត្រូវចំណាយថវិកាទិញចេកម្ដង ៤០ ស្និត ដំឡូង ស្ករ និងអង្ករដើម្បីធ្វើនំ។ ទោះបី​ត្រូវ​ហាលក្តៅហាល​ភ្លៀងជួប​ការ​លំបាក និង​ហត់​បន្តិច​ លោក ហេង សៀម ប្រាប់​ដោយ​មិនស្ទាក់ស្ទើរ​ថា លោក​សុខ​ចិត្ត​តស៊ូ​ជាមួយ​មុខរបរ​នេះ​ដែល​ជាការងារសុចរិត មាន​ឯករាជ្យលើខ្លួនឯង មិន​រស់នៅក្រោមសម្ពាធរបស់នរណាម្នាក់។

តាមរយៈឧកញ៉ាញូស៍ លោក ហេង សៀប ក៏​ផ្ដាំផ្ញើផងថា ការងារណាក៏ល្អដែរ ឱ្យតែសុចរិតមិនកេងប្រវ័ញ្ចអ្នកដទៃព្រោះតែប្រយោជន៍សួនតួនោះ៕