នំស្រួយលីលី នំ​ខ្មែរ​ដំបូង​គេ​មាន​ស្តង់ដា​អាច​​​នាំចេញទៅទីផ្សារអាមេរិក រួម​ទាំំងទីផ្សារ​ក្រៅប្រទេស​ជាង​ ១៣ ប្រទេស​ទៀត

អាជីវកម្ម

ក្រុមហ៊ុននំស្រួយ លីលី គឺជា​​ក្រុមហ៊ុនផលិតនំស្រួយដំបូងគេនៅកម្ពុជាដែលអាចនាំចេញទៅលក់នៅលើទីផ្សារក្រៅប្រទេស ខណសហគ្រាស​ក្នុង​ស្រុក​នេះ កំពុងបន្តបង្កើនផលិតផលនំរបស់ខ្លួនឲ្យកាន់តែមានច្រើនរសជាតិ ច្រើនប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារទាំង​ក្នុងស្រុកនិង​ក្រៅស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នំស្រួយ លីលី បាន​នាំ​ចេញ​ទៅលក់ក្រៅប្រទេស​រួមមាន ប្រទេសអូស្ត្រាលី វៀតណាម ថៃ ចិន ភូមា អាមេរិក កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូណស៊ី អ៊ីតាលី កាណាដា អាហ្វ្រិក និងនូវែលសេឡង់ ជាដើម។

ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី មានរោងចក្រចំនួន ២។ មួយ​ស្ថិតនៅរាជធានីភ្នំពេញ និងមួយទីតាំងទៀតស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ។​ បច្ចុប្បន្ន ក្រុមហ៊ុនផលិតនំបានជាង ៣០ ប្រភេទ​រួមមាន៖ នំផេនីរសជាតិពោតផ្អែម, នំអេណូរសជាតិមឹក, នំកូកូរសជាតិសូកូឡា, នំPop (រសជាតិមឹកហឹរ សាច់អាំង និងប៉េងប៉ោះ), នំដាយណូស័រ (រសជាតិខ្ទឹមបារាំង និងសារ៉ាយសមុទ្រ), នំកងហឹរ, នំប៉េងប៉ោះ, នំមឹកយក្ស, នំ Moon, នំមីនី, នំគោ, នំមានទឹកជ្រលក់(រសជាតិដំឡូងស្វាយ សារ៉ាយសមុទ្រ និងបន្លែ) , នំព្រិល និងនំបន្លែជាច្រើនប្រភេទទៀត។

លោកជំទាវ ឧកញ៉ា កែវ មុំ ស្ថាបនិក និង​ជាអគ្គនាយិកា​​ក្រុមហ៊ុន​នំ​ស្រួយលីលី ​ទទួលបានពានរង្វាន់ជា «សហគ្រាសល្អបំផុត» ពីចក្រភពអង់គ្លេសកាលពីឆ្នាំ២០១៥ លើ​ជោគជ័យអាជីវកម្មផលិតនំស្រួយ ចែកចាយទាំងលើទីផ្សារក្នុងស្រុក និងលើទីផ្សារអន្តរជាតិ ប្រកបដោយគុណភាព និងអនាម័យខ្ពស់ស្របតាមស្ដង់ដារគុណភាពប្រទេសជប៉ុន​៕