រដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលក្នុងវិស័យឯកជន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ សេចក្តីសម្រេចដាក់ឱ្យអនុវត្តនេះ ត្រូវបានចុះហត្ថលេខាដោយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២។
នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា របបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ គឺចាប់អនុវត្តពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ តទៅសម្រាប់បុគ្គលទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។
ក្រសួងទាំងពីរបានបញ្ជាក់ថា៖ «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដូចមានចែងក្នុងមាត្រា ៣៩ ចុះថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២១ កន្លងមក»។
ជាងនេះទៀត អនុក្រឹត្យនេះ មានវិសាលភាព អនុវត្តចំពោះបុគ្គលទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរាប់បញ្ចូលទាំងបុគ្គលដែលធ្វើការចាប់ពី២ កន្លែងឡើងទៅ។
គួរបញ្ជាក់ដែរថា យោងតាមអនុក្រឹត្យនេះ សម្រាប់រយៈពេល ៥ ឆ្នាំដំបូង ភាគទាននេះ ត្រូវកំណត់ក្នុងអត្រាស្មើនឹង ៤ភាគរយ នៃប្រាក់ឈ្នួលជាប់ភាគទាន។ ក្នុងនោះ ២ភាគរយ ជាបន្ទុកនិយោជក និង ២ភាគរយ ជាបន្ទុកកម្មករនិយោជិត។ ការបង់ភាគទានផ្នែកប្រាក់សោធនត្រូវធ្វើជាប្រចាំខែ។
ជាមួយគ្នានេះ បេឡាជាតិសន្តិសុខសង្គមដែលហៅថា ប ស ស គឺជាស្ថាប័នប្រតិបត្តិករតែមួយគត់ ដែលមានសមត្ថកិច្ចក្នុងការគ្រប់ គ្រង និងចាត់ចែង របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដូចមានចែងក្នុងអនុក្រឹត្យនេះ៕