ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុន KW Sam Sn Realty Co., Ltd ឧកញ៉ា សំ សុខនឿន នៅតែដាស់តឿនបងប្អូន ដែលមានធនធាន ហើយកំពុងសម្លឹងរកមើលឱកាសវិនិយោគពីអលចនទ្រព្យ សូមងាកមកចាប់អារម្មណ៍លើការទិញខុនដូដាក់ជួល ទាន់តម្លៃខុនដូឥឡូវនៅតម្លៃល្អច្រើន។
“ទីផ្សារខុនដូនៅកម្ពុជាបច្ចុប្បន្ន នៅតែពេញនិយមទាំងភ្ញៀវជាតិ និងអន្តរជាតិ ទិញសម្រាប់ដាក់ជួល ហើយបើប្រៀបធៀបជាមួយ ដី និងផ្ទះ គឺមានតែខុនដូទេ ដែលមានភាគរយជួលឱ្យភ្ញៀវបានខ្ពស់”។ នេះបើយោងតាម ការឱ្យដឹងពីឧកញ៉ា សំ សុខនឿន។
លោកឧកញ៉ា ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Sam Sn ប្រចាំតំបន់ខណ្ឌសែនសុខ និងរាជធានីភ្នំពេញ ដដែលរូបនេះ បានលើកជាឧទាហរណ៍ឱ្យងាយយល់ថា ប្រសិនបើប្អូនដែលគាត់មានលុយ ៩ម៉ឺនដុល្លារ ទៅទិញផ្ទះ គាត់អាចទាញផលចំណេញពីការដាក់ជួលផ្ទះនោះ យ៉ាងច្រើនបានត្រឹម ១៥០ដុល្លារ ទៅ២០០ដុល្លារប៉ុណ្ណោះ ឯដី បើគាត់ទិញដីតម្លៃប្រហាក់ប្រហែល ៩ម៉ឺនដុល្លារ ក៏មិនប្រាកដថា អាចដាក់ជួលប្រចាំខែបានវិញភ្លាមៗដែរ។
លោកពន្យល់បន្ថែមទៀតថា ប៉ុន្តែសម្រាប់ខុនដូ បើបងប្អូនយកលុយ ៩ម៉ឺនដុល្លារ ដូចគ្នាទៅទិញ ហើយដាក់ជួល អាចបានផលចំណេញចន្លោះពី ៧០០ដុល្លារ ទៅ១០០០ដុល្លារ។ ដូច្នេះ បើពួកគាត់បន្តដាក់ជួលខុនដូក្នុងតម្លៃនេះ រយៈពេលចាប់ពី ៧ឆ្នាំទៅមុខទៀត នោះគាត់នឹងបានចំណេញខ្ពស់ ឬស្មើនឹងតម្លៃថ្លៃដើមទិញខុនដូនោះតែម្ដង។
លោកឧកញ៉ា សំ សុខនឿន បច្ចុប្បន្ន គឺជាប្រធានសមាគមអចលនទ្រព្យសកល (GRA) និងជាប្រធានក្រុមហ៊ុន KW SAM SN REALTY CO., LTD ដែលជាក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ មានផ្ដល់សេវាកម្មលើការ ទិញ លក់ ជួល និងវាយតម្លៃអចលនទ្រព្យ។
បន្ថែមពីលើការសម្លឹងមើលឃើញពីឱកាសវិនិយោគចំណេញពីការជួលខុនដូនៅកម្ពុជា របស់លោកឧកញ៉ា សំ សុខនឿននេះដែរ ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Knight Frank ដែលជាភ្នាក់ងារអចលនទ្រព្យ និងជាអ្នកប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យដ៏មានវិជ្ជាជីវៈ និងមានវ័យចាស់វស្សាក្នុងឧស្សាហកម្មអចលនទ្រព្យ ក៏បានបង្ហាញពីការព្យាករណ៍ថា ចំនួននៃការផ្គត់ផ្គង់ខុនដូនៅកម្ពុជា នឹងកើនដល់ជាង ៧ម៉ឺន ៨ពាន់ យូនីត (ស្មើនឹង១៧៥ អគារ) នៅត្រឹមឆ្នាំ២០២៥ ខណៈដែលកាលពី ឆ្នាំ ២០២១ កន្លងទៅ ការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញ បានកើនដល់ជាង ២ម៉ឺន ៧ពាន់យូនីត (ស្មើនឹង៩៥ អគារ) ៕