តោះ! មក​ស្គាល់​ពី​ប្រវត្តិ​របស់​លោកឪ Pope Francis បុគ្គល​មាន​ឥទ្ធិពល​បំផុត​លើ​លោក​

អន្តរជាតិ

លោក​ឪ Pope Francis គឺ​ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុតមួយ​រូប​លើ​ពិភពលោក ហើយ​សារព័ត៌មាន Forbes បាន​ចុះផ្សាយ​កាលពី​ឆ្នាំ ២០១៨ ថា សម្ដេច​គឺ​ជា បុគ្គល​មាន​ឥទ្ធិពល​បំផុត​លើ​លោក​ទី ៦ ក្នុង​ចំណោម​បុគ្គល ១០ រូប និង​មាន​អ្នកគាំទ្រ​ដល់​ទៅ ១,៣ ពាន់​លាន​នាក់​ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើ​បុគ្គល​ដែល​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​មួយ​នេះ​ មាន​ប្រវត្តិ​យ៉ាងណា​? បើ​ចង់​ដឹង សូម​តាម​ដាន​ជាមួយ​ឧកញ៉ា​ញ៉ូវស៍​ដូច​តទៅ៖

សម្ដេច​ប៉ាប ហ្វ្រង់ស៊ីស មាន​ឈ្មោះ​ដើម Jorge Mario Bergoglio កើត​នៅ​ថ្ងៃទី ១៧ ធ្នូ ១៩៣៦ នៅ​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន និង​មាន​ឪពុកម្ដាយ​ជា​ជនភៀសខ្លួន​ពី​ប្រទេស​អ៊ីតាលី។

ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ លោក​មាន​បំណង​ចង់ក្លាយ​ជា​អ្នកជំនាញ​គីមី និង​បាន​ធ្វើ​ការ​មួយ​រយៈខ្លី នៅ​វិស័យ​ចំណីអាហារ ប៉ុន្តែ​នៅ​អាយុ ២១ ឆ្នាំ លោក​មាន​ជំងឺ​រលាកសួត​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​លោក​ត្រូវ​កាត់​សួត​ផ្នែក​ខាងស្ដាំ​ចេញ។

នៅ​ឆ្នាំ ១៩៥៨ លោក​បាន​ចូលរួម​ជាមួយ​ក្រុម Jesuit (ក្រុម​អ្នក​ស្រលាញ់ និង​កាន់​សាសនាយេស៊ូ) និង​បាន​ចូល​រៀន​ផ្នែក​មនុស្សសាស្ត្រ​នៅ​ទីក្រុង Santiago ប្រទេស​ឈីលី និង​ទទួល​បាន​សញ្ញាប័ណ្ណ​មាន​តម្លៃ​ស្នើ​នឹង​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ទស្សនវិជ្ជា​នៅ​ទីក្រុង Buenos Aires។

ក្រោយ​បញ្ចប់​ការ​សិក្សា លោក​ក៏​បាន​ចូល​បង្រៀន​ផ្នែក​អក្សរសិល្ប៍ និង​ផ្នែក​ទស្សនវិជ្ជា​នៅ​វិទ្យាល័យ​មួយ រហូត​ដល់​ឆ្នាំ ១៩៦៩ លោក​ក៏​ត្រូវបាន​តែងតាំង​ជា​អាចារ្យ​ និង​បាន​ចូល​ស្បថស្បែ​នៅ​ឆ្នាំ ១៩៧៣ ដោយ​បាន​ក្លាយជា​ប្រមុខ​នៃ​ក្រុម​គាំទ្រ Jesuit នៅ​អាហ្សង់ទីន​ពី​ឆ្នាំ ១៩៧៣ ដល់ ១៩៧៩។

លុះ​ដល់​អំឡុង​ទសវត្ស​ឆ្នាំ ១៩៨០ លោក Bergoglio បាន​បម្រើការ​ជា​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា និង​ជា​សកលវិទ្យាធិការ​ ក្នុង​ពេល​កំពុង​សិក្សា​ថ្នាក់​ទ្រឹស្តីបទ​នៅ​អាល្លឺម៉ង់ និង​នៅ​ឆ្នាំ ១៩៩២ លោក​ត្រូវបាន​តែងតាំង​ជា​ជំនួយ​ការ​អ្នក​ដឹកនាំ​សាសនា (Bishop) ​នៅ Buenos Aires។

កាន់​តួនាទី​ជា​ជំនួយ​ការ​បាន ៦ ឆ្នាំ​ លោក​ក៏​ត្រូវបាន​តំឡើង​តំណែង​ជា​អ្នកដឹកនាំ​សាសនា​ជាន់ខ្ពស់ (Archbishop) នៅ​ឆ្នាំ ១៩៩៨។ ក្នុង​អំឡុងពេល​វិបត្តិសេដ្ឋកិច្ច​នៅ​អាហ្សង់ទីន​ដែល​បាន​ចាប់ផ្ដើម​នៅ​ចុង​ទសវត្ស​ឆ្នាំ ១៩៩០ Bergoglio បាន​ទទួល​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​អំពី​ភាព​ដាក់ខ្លួន​របស់​លោក ដោយ​រស់នៅ​បន្ទប់​តូច​សាមញ្ញ ជាជាង​ភូមិគ្រឹះ​របស់​អ្នកដឹកនាំ​ជាន់ខ្ពស់ និង​ធ្វើដំណើរ​តាម​ឡានក្រុង​សាធារណៈ ជាជាង​ជិះឡាន​ទំនើប​មាន​តៃកុង​ផ្ទាល់ខ្លួន។

ឆ្នាំ ២០១៣ នៅ​ពេល​ដែល​សម្ដេច Pope Benedict XVI បាន​លាលែង​តំណែង ក្រោម​ហេតុផល​វ័យ​ចាស់​ជរា និង​មាន​បញ្ហា​សុខភាព ហើយ​លោក Bergoglio បាន​ជ្រើសរើស​ជា​អ្នកស្នងតំណែង ដោយ​បាន​សម្រេច​យក​ឈ្មោះ​ Francis ដើម្បី​រំលឹក​ដល់ St. Francis of Assisi នៃ​ប្រទេស​អ៊ីតាលី ដែល​មាន​ភាព​ចែករំលែក​ទៅ​កាន់​ប្រជាជន​ក្រីក្រ ក៏​ដូចជា​ឈ្មោះ​របស់ St. Francis Xavier ដែល​ជា​សមាជិក​ស្ថាបនិក​ក្រុម Jesuits ផងដែរ។

សម្រេច​ ហ្វ្រង់ស៊ីស បាន​គ្រប់គ្រង​វិហារ​កាតូលិក​ Roman Catholics ដែល​ជា​វិហារ​សាសនា​ធំ​បំផុត​មួយ​លើ​លោក និង​មាន​ប្រជាជន​ប្រមាណ ១/៦ នៃ​ប្រជាជន​ពិភពលោក ដែល​គោរព​បូជា​នៅទីនោះ។

សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​តំបូង​ ​សម្ដេច ហ្វ្រង់ស៊ីស បាន​អំពាវនាវ និង​អធិដ្ឋាន​សុំ​ឲ្យ​មាន​ការ​យកចិត្ត​ទុកដាក់​បន្ថែម​លើ​ប្រជាជន​ក្រីក្រ ហើយ​សម្ដេច​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​បន្ថែម​លើ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​រំលោភ​បំពាន​ផ្លូវភេទ ជាពិសេស​គឺ​ស្ត្រី។

តួយ៉ាង​នៅ​ចុងឆ្នាំ ២០១៣ អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​ហូឡង់ សម្ដេច​ហ្វ្រង់ស៊ីស បាន​ជួប​ជាមួយ​អ្នកដឹកនាំ​សាសនា​នៅ​ទីនោះ និង​បាន​សុំ​ឲ្យ​ពួកគេ​ទាក់ទង​ទៅកាន់​ជន​រងគ្រោះ​ពី​ករណី​រំលោភបំពាន​ផ្លូវភេទ ដើម្បី​ផ្គត់ផ្គង់​ជំនួយ។

នៅ​ឆ្នាំ ២០១៥ សម្ដេច​ហ្វ្រង់ស៊ីស បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក និង​បាន​សុំ​ឲ្យ​មហាសន្និបាត​អង្គការសហប្រជាជាតិ​យកចិត្ត​ទុក​ដាក់​លើ​ការ​ការពារ​សន្តិសុខ​ពិភពលោក។ នៅឆ្នាំ ២០១៦ លោក និង​ Kirill I អយ្យកោ​នៃ​ទីក្រុង​មូស្គូ និង​រុស្ស៊ី​ទាំងមូល បាន​ជួប​សំណេះសំណាល​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ រវាង​មេដឹកនាំ Roman Catholic និង​វិហារ​ Orthodox របស់​រុស្ស៊ី។

នៅ​ឆ្នាំ ២០១៩ សម្ដេច​ហ្វ្រង់ស៊ីស បាន​ក្លាយជា​សម្ដេច​នៃ​សាសនា​កាតូលិក​តំបូង​ដែល​បាន​ទស្សនកិច្ច​ទៅ​កាន់ Arabian Peninsula ជា​កន្លែង​កំណើត​នៃ​សាសនា​អ៊ីស្លាម​ ជាមួយ​គោលបំណង​​លើកកម្ពស់ភាតរភាពសាសនា និងសន្តិភាព។

សូម​ជម្រាប​ដែរ​ថា គិត​មក​ទល់​នឹង​ពេលនេះ សម្ដេច​ហ្វ្រង់ស៊ីស​បាន​កាន់តួនាទី​ជា​អ្នកដឹកនាំ​សាសនា​កាតូលិក​រយៈពេល​ជិត ១ ទសវត្ស​ ហើយ​ថ្មីៗនេះ​លោក​បាន​ច្រានចោល​ចចាមអារ៉ាម​ស្ដី​ពីការ​ចុះចេញ​ពី​តំណែង​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ៕