កាលពីថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២ ចៅស្រីរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ម្នាក់មានឈ្មោះថា ផន សុផានីសា បានរៀបការជាមួយកូនកំលោះមានឈ្មោះថា អ៊ឹង ឬទ្ធី យ៉ាងកក្រើករួចមកហើយ។ យ៉ាងណាមិញ ក្នុងពេលឆាប់ៗនេះ ចៅស្រីរបស់ឯកឧត្តមម្នាក់ទៀត ក៏នឹងចូលរោងជ័យរៀបមង្គលការផងដែរ។
តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្តម អ៊ាង សុផល្លែត ដែលជាកូនប្រសាររបស់ឯកឧត្តម ជា សុផារ៉ា បានបង្ហោះរូបភាពសុំរៀបការដ៏ផ្អែមល្ហែមរបស់កូនស្រីខ្លួន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ថា៖ “អបអរសាទរកូនសម្លាញ់។ ប៉ាសូមជូនពរកូនទាំងពីរឱ្យមានសំណាងល្អ ជោគជ័យលើរាល់ការងារ និងសុភមង្គលរហូតតរៀងទៅ”។
សូមបញ្ជាក់ថា ចៅស្រីឯកឧត្តម ជា សុផារ៉ា ម្នាក់ទៀតនេះ មានឈ្មោះថា អ៊ាង និធិជូនីដឺណេ ជាកូនស្រីរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយាលោកជំទាវ ជា សុផាកន្នី។ ចំណែកឯកូនកំលោះមានឈ្មោះថា ប៉ែន សំអាតសុទ្ធចិត្ត។ គូស្នេហ៍មួយនេះ បានប្រារព្វពិធីចែចូវ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ និងបានបំពាក់ចិញ្ចៀនសុំរៀបការ នៅឆ្នាំ២០២២នេះ ហើយនឹងគ្រោងចូលរោងជ័យក្នុងពេលឆាប់ៗនេះផងដែរ៕