ឧកញ៉ា ឈឹម បញ្ញា ស្ថាបនិក និងជាអគ្គនាយក បុរី ចន្ទ ខាស់សល បានផ្តល់ជាអនុសាសន៍ថា សម្រាប់អ្នកមានដើមទុនច្រើន គួរតែទិញអចលនទ្រព្យទុក នៅពេលទើបស្បើយកូវីដ-១៩នេះ ព្រោះសេដ្ឋកិច្ចមិនទាន់ងើបឡើងវិញស្រួលបួល អចលនទ្រព្យនឹងមានការបញ្ចុះតម្លៃច្រើន។
ក្នុងបទសម្ភាសន៍ជាមួយឧកញ៉ាញូស៍ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា បានលើកឡើងថា៖ “មនុស្សកើតកាន់តែច្រើន ដីមាននៅតែប៉ុណ្ណឹងទំហំដដែល។ មនុស្សកើតមក ត្រូវការផ្ទះនៅជាចាំបាច់ ដូច្នេះវិស័យអចលនទ្រព្យនៅតែវិស័យល្អជាងគេ និងនៅតែវិស័យមានសក្តានុពលជាងគេ ព្រោះមនុស្សចាំបាច់បំផុត ត្រូវការទីជម្រក”។
“ក្រោយវិបត្តិកូវីដ-១៩នេះ ខ្ញុំគិតថាវិស័យអចលនទ្រព្យកំពុងចាប់ផ្តើមរីកចម្រើនឡើងវិញ តែពុំទាន់រីកខ្លាំងនៅឡើយ។ និយាយទៅ បើយើងមានដើមទុន ខ្ញុំគិតថាយើងអាចទិញនៅពេលនេះគឺល្អ ដោយសារតែនៅពេលសេដ្ឋកិច្ចកំពុងតែធ្លាក់ ទី១ អចលនទ្រព្យមានការបញ្ចុះតម្លៃច្រើន និងទី២ បើមើលលើខ្សែក្រាប អចលទ្រព្យកំពុងស្ថិតនៅលើចំណុចទាប។ បើយើងមានសមត្ថភាព ការដាក់ទុននៅពេលនេះ គឺការល្អ”។ លោកឧកញ៉ា បានបញ្ជាក់បន្ថែម។
គួរបញ្ជាក់ថា បុរី ចន្ទ ខាស់សល ដែលមានទីតាំងនៅផ្លូវ៥០ម៉ែត្រ (ក្រវាត់ក្រុងទី២) ជិតផ្សារទំនើប AEON 3 មានលក់ជាផ្ទះល្វែង វីឡា រួមទាំងផ្ទះអាជីវកម្មផងដែរ។ ឧកញ៉ា ឈឹម បញ្ញា បានកើតក្នុងគ្រួសារធូរធារមធ្យម ហើយលោកបានចេញទៅសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យា និងឌីហ្សាញ នៅប្រទេសសិង្ហបុរី កាលឆ្នាំ២០០៣ និងបានបន្តសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅឆ្នាំ២០១០ មុននឹងត្រឡប់មកបើកអាជីវកម្មជាបន្តបន្ទាប់ ក្នុងប្រទេសកម្ពុជាវិញ ចាប់ពីចុងឆ្នាំ២០១២ មកទល់បច្ចុប្បន្ន៕