តារាចម្រៀង Rihanna ក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតនៅអាមេរិក ដែលចាប់ផ្តើមពីបាតដៃ​ទទេ​

អន្តរជាតិ

ថ្មីនេះ យោងតាមបញ្ជី ដែលចេញផ្សាយដោយទស្សនាវដ្តី Forbes បានបង្ហាញថា ឥឡូវនេះ តារាចម្រៀងស្រី Rihanna បានក្លាយជាមហាសេដ្ឋីស្រីវ័យក្មេងបំផុត ដែលចាប់ផ្តើមពីបាតដៃទទេ នៅក្នុងសហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ១,៤ ពាន់លានដុល្លារ បានធ្វើឱ្យអ្នកចម្រៀងប៉ុបរូបនេះ ជាប់នៅក្នុងបញ្ជីដ៏មានកិត្តិយសមួយនេះ សម្រាប់ឆ្នាំ ២០២២ ជាមួយនឹងទ្រព្យសម្បត្តិ ដែលបានមកពីវិស័យចម្រៀង និងគ្រឿងសម្អាង ម៉ាក Fenty Beauty ដែលនាងជាសហម្ចាស់ ជាមួយក្រុមហ៊ុនទំនិញប្រណីតបារាំង LVMH ។

ជាក់ស្តែង Rihanna គឺជាមហាដ្ឋីស្រីតែម្នាក់គត់ ស្ថិតនៅក្នុងបញ្ជីនេះ ដែលមានវ័យក្មេងជាងគេ ពោលគឺអាយុក្រោម ៤០ ឆ្នាំ ខណ:នាង Kim Kardashian បានជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីស្រីវ័យក្មេងបំផុតទី ២ នៅអាយុ ៤១ ឆ្នាំ ជាមួយទ្រព្យសម្បត្តិសរុប ១,៨ ពាន់លានដុល្លារ ។

មិនតែប៉ុណ្ណោះ Forbes បានបង្ហាញទៀតថា Rihanna អាចរកចំណូលបានជាង ៥៥០ លានដុល្លារ ពីគ្រឿងសម្អាងម៉ាក Fenty Beauty របស់នាង នៅក្នុងឆ្នាំ ២០២០ ខណ:តារាចម្រៀងវ័យ ៣៤ ឆ្នាំរូបនេះ ក៏មានភាគហ៊ុន ៣០% នៅក្នុងខ្សែសង្វាក់សម្លៀកបំពាក់ Savage x Fenty ទៀតផង ដែលអាចឱ្យនាងកើនទ្រព្យសម្បត្តិដល់ ១ ពាន់លានដុល្លារ ជាលើកដំបូង នៅឆ្នាំ ២០២១ ។

ក្រៅពីនោះ កាលពីខែមីនា ឆ្នាំ ២០២២ របាយការណ៍ពី Bloomberg បានរាយការណ៍ផងដែរថា Rihanna ក៏កំពុងធ្វើការជាមួយទីប្រឹក្សា លើការចេញផ្សាយលក់មូលបត្រជាសារធារណ:ដំបូង ដែលអាចឱ្យតម្លៃទីផ្សាររបស់ម៉ាកយីហោ Savage x Fenty របស់នាង កើនតម្លៃដល់់ ៣ ពាន់លានដុល្លារ ឬច្រើនជាងនេះ ។

គួរឱ្យដឹងថា បញ្ជីមហាសេដ្ឋីស្ត្រី ដែលផ្តើមចេញពីបាតដៃទទេ នៅអាមេរិក សម្រាប់ឆ្នាំ ២០២២ ដែលចេញផ្សាយដោយទស្សនាវដ្តី Forbes នេះ គឺបានចាត់ចំណាត់ថ្នាក់ប្រចាំឆ្នាំ ទៅលើសហគ្រិនស្ត្រី ដែលទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុបំផុតទាំង ១០០ ក្នុងប្រទេស រួមទាំងនាយកប្រតិបត្តិ អ្នកនិពន្ធ តារា អ្នកកីឡា ពិធីករទូរទស្សន៍ និងមនុស្សស្រីដទៃទៀត ៕