កម្ពុជាកំពុងសិក្សាលើមុខទំនិញចំនួន ១០មុខ ជាអាទិភាពសម្រាប់ជាយុទ្ធសាស្ត្រទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចជាលើកចុងក្រោយ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ក្នុងកិច្ចប្រជុំពិភាក្សា និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅថ្ងៃពុធ ទី៦ កក្កដានេះ ថាការសិក្សាផ្ដោតទៅលើលើមុខទំនិញអាទិភាពចំនួន ១០ មុខមុនគេ រួមមាន៖ ១-ស្រូវអង្ករ ២-ដំឡូងមី ៣-ចេក ៤-មៀនប៉ៃលិន ៥-ស្វាយ ៦-ស្វាយចន្ទី ៧-សាច់ ៨-កៅស៊ូធម្មជាតិ ៩-ម្នាស់ និង១០-ម្រេច ព្រមទាំងការទាក់ទាញអ្នកវិនិយោគធ្វើជាមូលដ្ឋានដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត។
លោករដ្ឋមន្រ្តី បន្តថា គោលបំណងសំខាន់នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះដើម្បីជ្រើសរើសទំនិញនាំចេញសក្ដានុពលរបស់កម្ពុជា ដោយប្រើប្រាស់ទីផ្សារដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។ ក្នុងន័យនេះ ការសិក្សានឹងបង្ហាញថា កម្ពុជាមានឧត្តមភាពប្រកួតប្រជែងខាងផលិតផលអ្វីសម្រាប់ធ្វើការនាំចេញ? តើអ្វីជាបញ្ហាប្រឈមរបស់កម្ពុជាក្នុងការនាំចេញ និងត្រូវដោះស្រាយបែបណា? និងការទាក់ទាញអ្នកវិនិយោគសម្រាប់ជំរុញផលិតផលកែច្នៃ និងបង្កើនតម្លៃបន្ថែម។
សូមបញ្ជាក់ថា ការរៀបចំឯកសារផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) ក៏នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕