ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានឈានដល់ប្រមាណ ១៥០លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនឡើងរហូត៥៣% ធៀបនឹងឆ្នាំ២០២០។ នេះបើតាមកិច្ចពិភាក្សាការងារ រវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយឯកឧត្តម Thani bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួមនិងសហការី តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា កិច្ចជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងជំរុញ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដើម្បីជំរុញឱ្យមានលំហូរវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ភាគីអេមីរ៉ាតអារ៉ាប់រួម ដែលបានគាំទ្រលើគំនិតផ្តួចផ្តើមរបស់កម្ពុជាដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត Thani bin បានវាយតម្លៃខ្ពស់លើសក្ដានុពលកំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត ហើយបានបង្ហាញពីឆន្ទៈ និងគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមមួយកម្រិតទៀតផងដែរ។
គួរបញ្ជាក់ដែរថា អេមីរ៉ាតអារ៉ាប់រួម គឺជាទីផ្សារធំមួយ ដែលឈរក្នុងលំដាប់ទី២៦ សម្រាប់ការនាំចេញទំនិញមកពីកម្ពុជា។ បើផ្អែកតាមទិន្នន័យពាណិជ្ជកម្មកម្ពុជា ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីត-១៩ក្ដី ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរសម្រេចបានប្រមាណ ១៥០លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនឡើង៥៣% ធៀបនឹងឆ្នាំ២០២០។
ក្នុងនោះ កម្ពុជានាំចេញមុខទំនិញទៅអេមីរ៉ាតអារ៉ាប់រួម ដូចជា៖ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ អង្ករ ។ល។ ដោយឡែក ចំពោះការនាំចូលពីអេមីរ៉ាត អារ៉ាប់រួម មានដូចជា៖ ផលិតផលប្រេង ចំណីសត្វ ជី រ៉ែ ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិក ជាដើម។
យ៉ាងណាក្តី តាមរយៈជំនួបខាងលើនោះ ភាគីទាំងពីរបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើថែមមួយកម្រិតទៀត ជាពិសេសគឺបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែខ្ពស់ជាងមុនបន្ថែមទៀត៕