អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាថ្នាក់ដឹកនាំសហរដ្ឋអាមេរិកទី ៣ ដែលយល់ព្រមទទួលប្រាក់បៀវត្សប្រចាំឆ្នាំ ត្រឹមតែមួយដុល្លារប៉ុណ្ណោះ ខណៈបុគ្គល ២ រូបទៀតគឺលោក Herbert Hoover និងលោក John F. Kennedy។
ការយកប្រាក់ត្រឹមមួយដុល្លារជាប្រាក់ខែប្រចាំឆ្នាំនេះ ដោយសារតែក្រៅពីអាជីពជាអ្នកនយោបាយ លោកត្រាំ ក៏ជាស្ដេចត្រាញ់មួយរូបនៅលើវិស័យជំនួញផងដែរ ដោយលោកគឺជាម្ចាស់តែម្នាក់គត់នៃក្រុមហ៊ុនមេ The Trump Organization ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធប្រហែល ៥០០ ឯណោះ។
ក្នុងចំណោមក្រុមហ៊ុនរាប់រយនោះ មានក្រុមហ៊ុន ៥ ដែលធ្លាប់រកចំណូលសរុបបានខ្ទង់រយលានដុល្លារ សម្រាប់អតីតប្រធានាធិបតីរូបនេះ។ តទៅនេះ ឧកញ៉ាញ៉ូវស៍ នឹងកោះកកាយត្រួសៗពីមុខជំនួញកំពូលទាំង ៥ របស់ធុរកិច្ចជនដ៏មានឥទ្ធិពលម្នាក់នេះ ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយ Investopedia៖
១/ Trump National Doral
ជាទីលានវាយកូនហ្គោលមួយដែលលោក ដូណាល់ ត្រាំ បានទិញកាលពីឆ្នាំ ២០១២ ពីម្ចាស់ដែលបានប្រកាសក្ស័យធន ក្នុងតម្លៃប្រមាណ ១៥០ លានដុល្លារ។ កាលពីឆ្នាំ ២០១៩ កន្លែងកម្សាន្តបែបអភិជនមួយនេះ អាចរកចំណូលបានប្រហែល ៧៧ លានដុល្លារ ប៉ុន្តែកាលពីឆ្នាំទៅ វាបានធ្លាក់មកនៅត្រឹម ៤៤ លានដុល្លារប៉ុណ្ណោះ ដោយសារការបិទខ្ទប់កូវីដ ១៩។
២/ Trump Old Post Office LLC
មុខជំនួញទី ២ នេះ គឺស្ថិតនៅក្នុងចង្កោមអាជីវកម្មបដិសណ្ឋារកិច្ច ដែលវាបានសាងសង់ឡើងនៅទីតាំងការិយាល័យប្រៃសណីយ៍ចាស់របស់រដ្ឋ។ សណ្ឋាគារខ្នាតអន្តរជាតិមួយនេះធ្លាប់រកចំណូលឲ្យដូណាល់ ត្រាំបានរហូតដល់ជាង ៤០ លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែកាលពីប៉ុន្មានខែមុន The Trump Organization បានប្រកាសថា ពួកគេបានលក់សណ្ឋាគារនោះក្នុងតម្លៃប្រមាណ ៣៧៥ លានដុល្លារ ដោយសារមានបញ្ហាក្ដីក្ដាំ និងទទួលបានការរិះគន់ជាសាធារណៈពីសំណាក់គូប្រជែងលើវិស័យជាមួយគ្នាផង។
៣/ Trump Ruffin Tower LLC
សាងសង់ឡើងនៅឆ្នាំ ២០០៨ រកស៊ីលើវិស័យសណ្ឋាគារ និងខុនដូទំនើប ហើយទិន្នន័យកាលពីឆ្នាំ ២០១៩ បានបង្ហាញថា ក្រុមហ៊ុនមួយនេះអាចរកចំណូលជូនលោក ត្រាំ ប្រហែល ៣០ លានដុល្លារក្នុងមួយឆ្នាំ។
៤/ Trump Turnberry
ជាទីលានវាយកូនហ្គោលមួយទៀតដែលស្ថិតក្រោមការគ្រប់គ្រងរបស់ The Trump Organization ហើយវាត្រូវបានទិញពីក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ខណៈតម្លៃរបស់ទីលានវាយកូនហ្គោលមួយនេះមិនត្រូវបានទម្លាយឲ្យដឹងឡើយ។
សារព័ត៌មាន Investopedia បានទម្លាយថា កាលពីឆ្នាំ ២០១៩ រីសតមួយនេះរកប្រាក់ជូនអតីតប្រធានាធិបតីអាមេរិកប្រហែល ២៥ លានដុល្លារ។
៥/ Mar-a-Lago Club LLC
មើលឲ្យមែនទែនទៅ ភូមិគ្រឹះមួយនេះគឺជាកាដូដែលអ្នកស្រី Marjorie Merriweather Post ផ្ដល់ជាអំណោយទៅកាន់រដ្ឋាភិបាលអាមេរិកនៅឆ្នាំ ១៩៦៨ ប៉ុណ្ណោះ ប៉ុន្តែនៅពេលអ្នកស្រីទទួលអនិច្ចកម្មនៅឆ្នាំ ១៩៧៣ រដ្ឋាភិបាលចាប់ផ្ដើមប្រកាសលក់ភូមិគ្រឹះមួយនេះ ដោយសារថ្លៃថែទាំមានតម្លៃខ្ពស់ពេក។
លុះដល់ឆ្នាំ ១៩៨៥ លោកត្រាំ បានទិញយកអចលនទ្រព្យខ្នាតយក្សនេះក្នុងតម្លៃមហាសាល ៨ លានដុល្លារ ហើយបានកែច្នៃវាចេញជា សណ្ឋាគារ និងរីសតឯកជនសម្រាប់អភិជនលំហែកាយ។ នៅឆ្នាំ ២០១៩ សណ្ឋាគារមួយនេះអាចរកចំណូលជូនលោកត្រាំ ប្រមាណ ២០ លានដុល្លារ៕