បើកទំព័រឆ្នាំ ២០២២ ភ្លាម ពិភពលោកហាក់ជួបបញ្ហាផ្ទួនៗ ជាពិសេសលើផ្នែកហិរញ្ញវត្ថុតែម្ដង ដោយផ្សារហ៊ុនអាមេរិកនៅតែបន្តផ្ដល់សញ្ញាគួរឲ្យបារម្ភក្នុងរយៈពេលមួយឆមាសតំបូងនៃឆ្នាំ ២០២២។
ព័ត៌មានអាក្រក់នោះ មិនមែនមានតែផ្សារហ៊ុនទេដែលកំពុងតែដុនដាប សូម្បីតែទីផ្សារគ្រីបតូក៏ដូចគ្នាផងដែរ ខណៈតម្លៃនៃផ្ទះថ្មី ឡានថ្មីនៅអាមេរិកគឺឡើងដល់កៀកនឹងចំណុចខ្ពស់បំផុត ស្របពេលតម្លៃសាំងវិញ គឺឡើងថ្លៃខ្លាំងមែនទែន។
ថាប្រជាជនធម្មតាកំពុងវេទនា ប៉ុន្តែក្រុមមហាសេដ្ឋីឯណោះវិញក៏សំងំស្រក់ទឹកភ្នែកមិនចាញ់គ្នាដែរ ពោលយោងតាមសារព័ត៌មាន Bloomberg បានបង្ហាញថា មហាសេដ្ឋី ៥០០ នាក់មានបំផុតលើលោក របូតលុយសរុបប្រមាណ ១,៤ ទ្រីលានដុល្លារក្នុងឆមាសតំបូងនៃឆ្នាំ ២០២២ នេះ។
សម្រាប់ការខាតបង់ដ៏សំបើមរបស់ក្រុមបុគ្គលមានឥទ្ធិពលទាំងនេះ ភាគច្រើនគឺទាក់ទងនឹងការធ្លាក់ចុះនៃតម្លៃភាគហ៊ុន ដ្បិតស្ថាបនិក និង CEO ជាច្រើននាក់តែងតែមានភាគហ៊ុនជាច្រើននៅក្នុងដៃ ដូច្នេះបើតម្លៃហ៊ុនធ្លាក់ចុះ ទំហំទ្រព្យសម្បត្តិរបស់ពួកគេក៏ធ្លាក់ទៅតាមហ្នឹងដូចគ្នា។
ជាឧទាហរណ៍ស្ដែងៗ ទ្រព្យសម្បត្តិរបស់ស្ថាបនិក Facebook លោក Mark Zuckerberg គឺរបូតច្រើនជាងពាក់កណ្ដាល ខណៈមូលហេតុចំបងដោយសារតម្លៃហ៊ុនរបស់ Meta ដាំក្បាលចុះជាខ្លាំងនៅឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយ Bloomberg។
ក្រៅពី Mark នៅមានមហាសេដ្ឋីជាច្រើនដែលបាត់បង់ទ្រព្យសម្បត្តិអស់ច្រើនសន្ធឹក ដូចជា Elon Musk និង Jeff Bezos ជាដើម សុទ្ធតែបានរបូតលុយផ្ទាល់ខ្លួនច្រើនជាង ៦០ ពាន់លានដុល្លារក្នុងម្នាក់៕