ថ្មីៗនេះ រដ្ឋាភិបាលរបស់ប្រទេសថៃ បាននិយាយថា នឹងបញ្ចប់គម្រោងរបស់ខ្លួន សម្រាប់ប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿន ដែលបានពន្យារពេលអស់រយ:ពេលជាយូរមកហើយ ក្នុងការតភ្ជាប់ ទៅកាន់ប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ នៅឆ្នាំ ២០២៨ ជាមួយនឹងក្តីរំពឹងចំពោះអត្ថប្រយោជន៍សំខាន់ៗជាច្រើន សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ។
យោងតាមក្រុមមន្ត្រីរបស់ប្រទេសថៃ បានសន្យថា ខ្លួននឹងបញ្ចប់ដំណាក់កាលដំបូង នៃគម្រោងដែលមានតម្លៃ ៤៣៤ ពាន់លានបាត នៅត្រឹមឆ្នាំ ២០២៦ ខណ:គម្រោងផ្លូវដែកនេះដែរ នឹងមានប្រវែងប្រមាណ ៦០៩ គីឡូម៉ែត្រ ដែលធ្វើដំណើរចេញពីទីក្រុងបាងកក ទៅកាន់ព្រំដែនភាគឦសាន នៃខេត្ត Nong Khai ។
គួរឱ្យដឹងថា ការប្តេជ្ញាជាថ្មីរបស់រដ្ឋាភិបាល ចំពោះគម្រោងដ៏ធំមួយនេះ បានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដ៏មានមហិច្ឆតារបស់ប្រទេសចិន បន្ទាប់ពីកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រី លោក Prayut Chan-o-cha និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអង្គារកន្លងទៅ ។
លើសពីនេះ យោងតាមលោក Pichet Kunadhamraks អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវដែករបស់ថៃ បានឱ្យដឹងថាប្រទេសរបស់ខ្លួន បញ្ចប់បាន ១២% ហើយ នៃដំណាក់កាលទី ១ នៃគម្រោងនេះ ដោយរំពឹងថានឹងអាចដាក់ដំណើរការសាកល្បង នៅឆ្នាំ ២០២៦ និងឈានទៅរកការដាក់ឱ្យដំណើរជាផ្លូវការ នៅឆ្នាំបន្ទាប់ ។
លោក Pichet បញ្ជាក់ទៀតថា ផ្លូវដែកប្រវែង ២៥៣ គីឡូម៉ែត្រ ដែលត្រូវចំណាយថវិកាសាងសង់ ១៨០ ពាន់លានបាត នឹងរត់ចេញពីទីក្រុងបាងកក ទៅខេត្ត Nakhon Ratchasima ខណ:ផ្នែកទី ២ ដែលមានតម្លៃ ២៥៤ ពាន់លានបាត មានប្រវែង ៣៥៦ គីឡូម៉ែត្រ នឹងបន្តរត់ទៅកាន់ភាគឦសាន ឆ្ពោះទៅព្រំដែនជាមួយប្រទេសឡាវ ។
សូមបញ្ជាក់ផងដែរថា ផ្លូវដែកនេះ នឹងត្រូវតភ្ជាប់ជាមួយផ្លូវដែកមានស្រាប់នៅក្នុងប្រទេសឡាវ ដែលបានបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ ការលពីខែធ្នូ ដែលចំណាយអស់ទឹកប្រាក់ជិត ៦ ពាន់លានដុល្លារ ដើម្បីតភ្ជាប់ទៅកាន់ប្រទេសចិន ៕