ស្របពេលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រជាជនទូទាំងសកលលោកបានបង្ហាញសញ្ញាគួរឲ្យព្រួយបារម្ភ ប៉ុន្តែមានបុគ្គលខ្លះក៏មិនសូវអើពើប៉ុន្មានឡើយ ដ្បិតថ្មីៗនេះមហាសេដ្ឋី Elon Musk ទើបនឹងកុម្ម៉ង់ទិញយន្តហោះម៉ូដែល G700 ថ្មីមួយគ្រឿង។
ទន្ទឹមនឹងនោះ តារាបាល់ទាត់ Cristiano Ronaldo ក៏មានបំណងចង់ឡើងសេរីយន្តហោះផ្ទាល់ខ្លួនផងដែរ ដោយយល់ថាយន្តហោះបច្ចុប្បន្ននេះហាក់មានភាពចង្អៀតពេកសម្រាប់ក្រុមគ្រួសារ។ នេះបើតាមការចុះផ្សាយពី The Sun។
ប្រភពដដែលបានបន្ថែមថា កីឡាករក្រុម Manchester United បានដាក់លក់យន្តហោះផ្ទាល់ខ្លួនម៉ូដែល Gulfstream G200 របស់លោកក្នុងតម្លៃប្រមាណ ២៤ លានដុល្លារ។
សូមរំលឹកដែរថា យន្តហោះមួយគ្រឿងនេះត្រូវបាន Ronaldo ទិញតាំងពីឆ្នាំ ២០១៥ ខណៈម៉ូដែលមួយនេះបានបញ្ឈប់ការផលិតត្រឹមឆ្នាំ ២០១១។ វាអាចផ្ទុកមនុស្សបាន ១០ នាក់ និងអាចបើកបរបានល្បឿនលឿនបំផុត ប្រហែល ៨៥០ គម/ម៉ោង។
ជាទូទៅ វីរបុរសលើវិស័យបាល់ទាត់តែងតែប្រើប្រាស់យន្តហោះមួយគ្រឿងនេះ ដឹកគូសង្សារ Georgina Rodriguez និងកូនៗសម្រាប់ដំណើរកម្សាន្តផ្សេងៗ ហើយបើសិនជាមិនត្រូវទៅណាទេ គេនឹងដាក់ជួលវាក្នុងតម្លៃចន្លោះពី ៦ ០០០ ទៅ ១០ ០០០ ដុល្លារ/ម៉ោង។
យន្តហោះម៉ូដែល G200 របស់ Ronaldo បានបំពាក់ជាមួយនូវគ្រឿងសង្ហារិមទំនើបៗ រាប់បញ្ចូលទាំង Wi-Fi ទូរស័ព្ទ ម៉ាស៊ីនបញ្ជូនសារ ឆ្នាំងដុតអគ្គិសនី ឆ្នាំងកំដៅ ទូទឹកកក និងសូម្បីតែឧបករណ៍កំសាន្ត។
យ៉ាងណា គេនៅមិនទាន់ដឹងថា Ronaldo មានបំណងចង់ទិញយន្តហោះប្រភេទអ្វីបន្ទាប់នៅឡើយ ប៉ុន្តែបើយោងតាមហេតុផលដែលចង់លក់នេះ គេអាចសន្និដ្ឋានថា Gulfstream G700 ឬ Bombardier Global 8000 អាចនឹងជាជម្រើសសក្ដិសមបំផុត ដោយសារ ២ ម៉ូដែលនេះមានទំហំធំទូលាយជាង G200៕