សម្តេច ហ៊ុន សែន៖​ កិច្ចប្រជុំកំ​ពូ​​ល​​ A​SEM លើ​ក​ទី១៣ ​ជា​ព្រឹត្តិ​ការ​​ណ៍ប្រវត្តិ​សាស្រ្ត ​និង​កា​​រទូត​ធំ​​បំផុ​ត​​ស​ម្រាប់​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាអ​ធិបតីបិទ​សន្និបាតបូកសរុបលទ្ធផលការងាឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់​ក្រសួងការបរទេស នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ និងពិធីប្រកាសជាផ្លូវ​ការនៃការធ្វើ​ជាម្ចាស់​ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះអង្គសនិ្នបាតរបស់​ក្រសួងការបរ​ទេស ជាពិសេសចំពោះសមិទ្ធផលជាច្រើនដែលក្រសួងបាន​ខិតខំប្រឹងប្រែងទទួល​បានជោគជ័យកន្លងមក។ សម្តេចតេជោ បានបង្ហាញពីកិច្ចការសំខាន់ៗនៃទំនាក់ទំនង​ការបរទេសរបស់កម្ពុជាជាមួយបណ្តាប្រទេសលើពិភពលោក។

ដោយសម្តេចមានប្រសាសន៍ថា កម្ពុជានឹងខិតខំបន្តពង្រឹងចំណងមិត្តភាព សហប្រតិ​បត្តិការ ទំនាក់ទនង និងភាពជាដៃគូល្អប្រសើរ ដែលមានស្រាប់ជា​មួយប្រទេសជា​មិត្តនានា ស្តារឡើងវិញនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយមិត្តចាស់ និងស្វែង​រកកសាងទំនាក់ទំនងល្អជាមួយមិត្តថ្មី ជាពិសេសនៅអឺរ៉ុបខាងកើត និងកណ្តាល នៅអាស៊ីកណ្តាល នៅអាហ្រ្វិក មជ្ឍឹមបូព៌ា និងអាមេរិកឡាទីន។

ជាមួយគ្នានោះ សម្តេចតេជោក៏បានអរគុណប្រទេសជាមិត្តនានា​ដែលបានផ្តល់​ជំនួយនិង​កិច្ចសហប្រតិបត្តិការល្អក្នុងការជួយអភិវឌ្ឍធន​ធានមនុស្សតាមរយៈ​អាហារូបករណ៍ ទស្សនកិច្ចសិក្សា ការផ្លាស់ប្តូរបទពិសោសន៍ ការរៀបចំវគ្គ​បណ្តុះបណ្តាល ក៏ដូចជាការផ្តល់បាឋកថា ចែករំលែកចំណេះដឹង និងទស្សនទាននានា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តទៀតថា កិច្ចប្រជុំកំពូល ASEM លើកទី១៣​ខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងការទូតធំបំផុតសម្រាប់កម្ពុជាយើង។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាឱកាសដ៏ប្រសើរបំផុត​សម្រាប់កម្ពុជា​បញ្ជាក់​ក្នុងកំរិតខ្ពស់បំផុតនូវការបេ្តជ្ញារបស់ខ្លួនចំពោះការពង្រឹងប្រព័ន្ធពហុភាគីនិយម ការចូលរួមក្នុងកិច្ចប្រឹងប្រែងរបស់ពិភពលោកក្នុងការដោះស្រាយការប្រឈមជាសកល និងការចូលរួមស្វែងរកកាលានុវត្តភាពក្នុងការធ្វើឱ្យប្រសើរនូវសេដ្ឋកិច្ចពិភពលោក។ កម្ពុជាប្តេជ្ញានឹងសម្រេចកិច្ចការនេះប្រកបដោយកិត្តិយស និងជោគជ័យ។

តាមរបាយការណ៍របស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញថា គិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមាន​ទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន១៧៤ នៅលើពិភពលោក ហើយមានស្ថាន​តំណាងប្រចាំបរទេសចំនួន៦៣។ តាមរយៈទិសស្លោក «កែទម្រង់ផ្ទៃក្នុង និងបង្កើន​មិត្តខាងក្រៅ ឈរលើស្មារតីឯករាជ្យជាតិ» ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញ ពិតជាសមស្របបំផុតទៅនឹងការងាររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕