អាមេរិក ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនថាមពលរបស់ចិន ២ ជុំវិញការទិញប្រេងពីអ៊ីរ៉ង់

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនថាមពលរបស់ហុងកុងចំនួន ២ ជុំវិញការលក់ និងការចែកចាយប្រេងពីប្រទេសអ៊ីរ៉ង់ ដើម្បីបំពេញតម្រូវការរបស់ប្រទេសចិន ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Asiafinancial ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រតនាគាររបស់សហរដ្ឋអាមេរិក បានធ្វើការបង្គ្រាបទៅលើក្រុមហ៊ុនឧស្សាហកម្ម Lustro ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដោយបាននិយាយថា ពួកគេបានលាក់បាំងពីតួនាទី ជុំវិញការទិញផលិតផលគីមីឥន្ធន:យ៉ាងច្រើនសន្ធឹកសន្ធាប់។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Triliance Petrochemical ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ក៏ត្រូវបានកំណត់គោលដៅ ដើម្បីដាក់ទណ្ឌកម្មផងដែរ តាមរយ:ទំនាក់ទំនងរបស់ពួកគេ ជាមួយក្រុមហ៊ុន Ali Almutawa Petroleum និង Petrochemical Trading ។

គួរឱ្យដឹងថា ក្រុមហ៊ុនរបស់ហុងកុងទាំង ២ នេះ​ ត្រូវបានចោទប្រកាន់ ដោយសហរដ្ឋអាមេរិក ថាជាដៃជើង នៃបណ្តាញជួញដូររបស់ប្រទេសចិន និងអារ៉ាប់រួម ដែលទិញយកប្រេងពីអ៊ីរ៉ង់ ក្នុងបរិមាណដ៏ច្រើន បើទោះបីជាមានទណ្ឌកម្ម លើការនាំចេញប្រេងពីប្រទេសនេះក៏ដោយ ។

ក្រៅនេះ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធក៏បានកំណត់គោលដៅលើក្រុមហ៊ុនវៀតណាម Truong Phat Loc Shipping Trading និង Everwin Ship Management ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីផងដែរ សម្រាប់ការដឹកជញ្ជូនផលិតផលប្រេងរបស់អ៊ីរ៉ង់។

បញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក បានព្យាយាមដាក់​គំនាប​ទៅលើរដ្ឋាភិបាលរបស់ទីក្រុង Tehran ជុំវិញការហាមឃាត់លើការនាំចេញប្រេង ដែលជាសសៃឈាមនៃសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងឱ្យពួកគេ ធ្វើការចរចាឡើងវិញ ទៅលើកម្មវិធីនុយក្លេអ៊ែរ តាមរយ:យន្តការ ដែលគេស្គាល់ថា ជាផែនការ JCPOA ៕