កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចអនុម័តទាំងស្រុងលើ“សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”។ សេចក្តីព្រាងច្បាប់នេះ មានគោលដៅពង្រឹងក្របខណ្ឌច្បាប់ និងលើកកម្ពស់សមត្ថភាពស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ រួមមាន ការកំណត់ប្រភេទចំណូល ដំណើរការនៃការប្រមូល និងការធ្វើទំនើបកម្មការគ្រប់គ្រងចំណូលពន្ធ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាដើម។
សេចក្តីព្រាងច្បាប់ដដែលនេះ ក៏មានគោលបំណងគ្រប់គ្រង និងប្រមូលចំណូលមិនមែនសារពើពន្ធ សម្រាប់ជាចំណូលជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដែលកំណត់ដោយយន្តការច្បាប់ សំដៅរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងយុទ្ធសាស្រ្តកៀរគរចំណូល ឆ្នាំ២០១៩-២០២៣។
ចំណូលមិនមែនសារពើពន្ធ គឺជាចំណូលបានមកពីការចាត់ចែង ការធ្វើអាជីវកម្ម និងការលក់ទ្រព្យសម្បត្តិរដ្ឋ ផលបានមកពីសម្បទាន កម្រៃបានមកពីសេវាសាធារណៈ ផលពីការពិន័យ និងការដាក់ទណ្ឌកម្ម ការឧបត្ថម្ភអំណោយ ផលហិរញ្ញវត្ថុ ផលផ្សេងៗ និងចំណូលមិនមែនសាពើពន្ធដទៃទៀត ។
នៅឆ្នាំ២០១៩ កម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធបានប្រមាណ ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប ដែលស្មើនឹង ១២៣,១ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ ខណៈឆ្នាំ២០២០ សម្រេចបានប្រមាណ ២ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ទាបជាងច្បាប់ហិរញ្ញវត្ថុ ២៥,៥ភាគរយ។
លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា នៅឆ្នាំ២០២១ ចំណូលមិនមែនសារពើពន្ធសម្រេចបាន ប្រមាណ ១,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប ទាបជាងច្បាប់ហិរញ្ញវត្ថុ ១៩,៨៩ភាគរយ ដោយសារមុខចំណូលសំខាន់ៗតាមវិស័យ បានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ចំណូលទាំងនោះ មានដូចជា ចំណូលពីផលទុនទេសចរណ៍ ទិដ្ឋាការ អាកាសចរណ៍ស៊ីវិល កាស៊ីណូ និងចំណូលពីការផ្ដល់លិខិតឆ្លងដែន ដែលមុខចំណូលសំខាន់ៗទាំងនេះ ចូលរួមចំណែកប្រមាណ ៥០ភាគរយ នៃចំណូលមិនមែនសារពើពន្ធសរុប។ សម្រាប់ផែនការឆ្នាំ២០២២ ត្រូវបានគ្រោងប្រមាណ ១,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប មានការថយចុះ ១០,៣២ភាគរយធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១៕