ផាក កាហ្វេ ភោជនីយដ្ឋាន​ខ្មែរ​ទីមួយ​បម្រើអាហារអត់ប្រើ​ប៊ីចេង បង្កើត​ឡើង​ជិត ២០ ឆ្នាំ

អាជីវកម្ម

ភោជនីយដ្ឋាន ផាក កាហ្វេ បង្កើត​ឡើង​ដោយសហគ្រិនខ្មែរមួយក្រុមដែលជាភោជនីយដ្ឋានប្រ៊ែនក្នុងស្រុកនាំមុខគេមួយ ដែលបានចាប់ផ្តើមអាជីវកម្មតាំងពីឆ្នាំ ២០០៤។ ដោយមានការតាំងចិត្តខ្ពស់ ការខិតខំប្រឹងប្រែង ជាមួយទិសដៅច្បាស់លាស់ ដើម្បី​ប្រែក្លាយខ្លួនទៅជាភោជនីដ្ឋានលំដាប់ទី១ នៅប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កេរ្តិ៍ឈ្មោះ​ផាក កាហ្វេ​ ត្រូវ​បាន​ការ​ទទួលស្គាល់​ពីមហាជន ក្រៅ​ពី​ជា​ស្លាក​យីហោអាជីវកម្ម​អាហារ​ក្នុងស្រុក គឺ​ជាភោជនីដ្ឋាន​ខ្មែរ​ទី១ ​ដែលបម្រើអាហារគ្មានប៊ីចេង​លើ​គ្រប់មុខម្ហូប។

ដោយទទួលយកឥទ្ធិពលពីរបៀបចម្អិនអាហារប្រពៃណីខ្មែរ ផាកកាហ្វេមានគោលបំណងលើកស្ទួយផ្សព្វផ្សាយអាហារប្រពៃណីខ្មែរ និងអាហារសុខភាពជូនអតិថិជន។ អតិថិជនគោលដៅរបស់ហាងផាក កាហ្វេ គឺជាប្រជាជនមានចំណូលមធ្យមនិងខ្ពស់។

បេសកកម្ម ផាក​​ កាហ្វេ​ គឺ​មោទនភាពផលិតម្ហូបអាហារដ៏ល្អឥតខ្ចោះ ព្រមជាមួយសេវាកម្មពោរពេញ​ដោយសុជីវធម៌និងរហ័សដល់អតិថិជន។ ជាមួយ​គ្នា​នេះ ភោជនីយដ្ឋាន​ខ្មែរ​នេះ​ក៏​ប្រកាន់​ទស្សនៈវិស័យ ប្រែក្លាយ​ទៅ​ទៅជាក្រុមហ៊ុនខ្សែសង្វាក់ម្ហូបអាហារឈានមុខគេក្នុងប្រទេស​កម្ពុជា ដោយធ្វើ​ឲ្យ​ល្អប្រសើរបំផុតនូវគុណតម្លៃ និងសុខមាលភាពរបស់ដៃគូរអាជីវកម្ម។

ផាក កាហ្វេ រក្សា​ គុណតម្លៃចំនួន ៨ ចំណុច​គឺ អតិថិជនជាចម្បង សុវត្ថិភាពចំណីអាហារ ទំនួលខុសត្រូវសង្គម គំនិតច្នៃប្រឌិត ការអភិវឌ្ឍមនុស្ស ភាពជាដៃគូ ស្តង់ដារប៊្រែន (និតិវិធីប្រតិបត្តិការស្តង់ដារ) និង​ផ្តោតសំខាន់លើលទ្ធផល។

ផាក កាហ្វេ ទទួលការ​វិនិយោគ​ទុនពីក្រៅប្រទេស

ផាក កាហ្វេ ដែល​បង្កើតឡើងដោយក្រុមហ៊ុនយីហោ​ក្នុង​ស្រុក បាន​ទទួលការវិនិយោគពីក្រុមហ៊ុនបរទេសបន្ថែមទៀត។ Emerging Markets Investment Pte Ltd (EMI) ជាក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រងមូលនិធិដែលបានចុះឈ្មោះនៅលុចសំបួ គឺមូលនិធិអភិវឌ្ឍន៍កម្ពុជា – ឡាវ (CLDF) បានទិញភាគហ៊ុន ហើយ​កាន់កាប់ភាគហ៊ុន ៣៧.៥ ភាគរយនៅក្នុងផាកកាហ្វេ។ នៅសល់គឺជាកម្មសិទ្ធិរបស់វិនិយោគិនក្នុងស្រុក។

ក្រុមហ៊ុនយូណាយធីដ ហ៊្វូដ ខុមភេនី (យូ អេហ្វ ស៊ី) United Food Company

ក្នុងគោលបំណងផ្តល់ជូនការពិសាអាហារសុខភាពឈ្ងុយឆ្ងាញ់ក្នុងបរិយាកាសរំភើបកម្រិតពិភពលោកជូនប្រជាជនកម្ពុជា ក្រុមហ៊ុនយូណាយធីដ ហ៊្វូដ ខុមភេនី (យូ អេហ្វ ស៊ី) បង្កើតឡើងក្នុងឆ្នាំ២០២០ គឺជាក្រុមហ៊ុនផ្តត់ផ្គង់អាហារ គ្រប់គ្រងដោយភាគហ៊ុនធំដោយ V-Trust Group Singapore និង EMIA Investments Cambodia ។ យូ អេហ្វ ស៊ី គឺជាម្ចាស់គ្រប់គ្រង​លើ​ម៉ាកភោជនីយដ្ឋាន ផាក កាហ្វេ និង​ Pizza Hut។

គោលដៅ​បន្តបន្ទាប់

ផាក កាហ្វេ​ គ្រោង​ពង្រីកអាជីវកម្មឲ្យ​ដល់ ១០០ ហាង​នៅទូទាំងប្រទេស​នៅឆ្នាំ ២០២៥ ។ គិត​ត្រឹមឆ្នាំ​ ២០២០ ភោជនីយដ្ឋាន ផាក កាហ្វេ មានសាខា ១៥ នៅ​រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ក្រុមហ៊ុនម្ហូបអាហារនិងភេសជ្ជៈក្នុងស្រុក មាន​ចម្ការកាហ្វេដោយ​ខ្លួន​ឯង​នៅក្នុងខេត្តមណ្ឌលគីរី ដើម្បីផលិតកាហ្វេសម្រាប់ភោជនីយដ្ឋានផ្ទាល់ខ្លួន និងជួយកាត់បន្ថយការពឹងផ្អែកលើផលិតផលដែលនាំចូល៕