អ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប ជាធុរជនខែ្មរមួយរូបដែលមានសមត្ថភាព មានភាពជាសហគ្រិន និងជាអ្នកដឹកនាំល្អព្រមទាំងការបេ្តជ្ញាចិត្តខ្ពស់ ដោយអ្នកឧកញ៉ាបានបង្កើត និងពង្រីកអាជីវកម្មក្នុងពហុវិស័យយ៉ាងជោគជ័យ អស់រយៈពេលជាង ៣០ឆ្នាំនៅក្នុងប្រទេសកម្ពុជា រួមមាន វិស័យហិរញ្ញវត្ថុ វិស័យអលចនទ្រព្យ វិស័យកសិ-ឧស្សាហកម្ម និងវិស័យធនារ៉ាប់រងជាដើម។
ទទឹមនឹងភាពជោគជ័យរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលមានអ្នកឧកញ៉ា លី ហួរ ជាប្រធាននាយកប្រតិបត្តិនោះ ក៏មានភរិយារបស់លោកគឺ លោកជំទាវឧកញ៉ា ស៊ាង លីម និងកូនប្រុសស្រី ៣នាក់ទៀត ចូលរួមជួយជ្រោមជ្រែង និងកាន់តួនាទីជាអនុប្រធាននាយកប្រតិបត្តិផងដែរ។
ខាងក្រោមនេះ ជាសមាសភាពកូនប្រុសស្រី ៣នាក់របស់ឧកញ៉ា លី ហួរ៖
១. ឧកញ៉ា លី សុភ័ក្ត (កូនប្រុសច្បង)៖ អនុប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប
ឧកញ៉ា លី សុភ័ក្ត កើតនៅឆ្នាំ១៩៧៨ ក្នុងខេត្តកំពង់ចាម និងត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១១ ។ ឧកញ៉ា ជាធុរជនខ្មែរមានភាពស្វាហាប់ និងប្រជាប្រិយមួយរូប ព្រមទាំងមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងការគ្រប់គ្រងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ឧកញ៉ា បានចូលរួមពង្រីកអាជីវកម្ម និងវិនិយោគក្នុងវិស័យជាច្រើនរួមមានវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុជាដើម ។
ឧកញ៉ា មានមុខតំណែង និងតួនាទីសំខាន់ៗផ្សេងទៀតដូចជា សមាជិកក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ លីស៊ីង។ ឧកញ៉ាបានខិតខំចូលរួមជម្រុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជនប្រកបដោយនិរន្តភាពតាមរយៈការវិនិយោគក្នុងប្រទេស។
២. ឧកញ៉ា លី សុភាព (កូនប្រុសទី២)៖ អនុប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប
ឧកញ៉ា លី សុភាព កើតនៅខែមករា ឆ្នាំ១៩៨៣ និងត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១១។ ឧកញ៉ា បានបញ្ចប់ការសិក្សាកម្រិតបរិញាបត្រជំនាញផ្នែកគណនេយ្យ នៅប្រទេសសិង្ហបុរីក្នុងឆ្នាំ១៩៩៩។ ឧកញ៉ាក៏បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែករចនាប្រព័ន្ធ ពហុផ្សព្វផ្សាយពីសាកលវិទ្យាល័យ Huddersfield University of Manchester ចក្រភពអង់គ្លេសក្នុងឆ្នាំ ២០០៤។
ឆ្នាំ២០១៦ ឧកញ៉ាត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ និងជានាយកប្រតិបត្តិក្រុមហ៊ុនរតនៈអលង្ការតាំងពីឆ្នាំ២០០៧។ លើសពីនេះ ឧកញ៉ាមានក្រុមហ៊ុនអាជីវកម្មមួយចំនួនទៀត រួមមានក្រុមហ៊ុន 3rd Generation ក្រុមហ៊ុនចែកចាយចំណីអាហារឈ្មោះ IKVM Distribution និងក្រុមហ៊ុនផ្តល់សេវាកម្មធនធានមនុស្សឈ្មោះ IG Consultant បង្កើតនៅឆ្នាំ២០០៩។
៣. ឧកញ៉ា លី សុភារី (កូនស្រីទី៣)៖ អនុប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប
ឧកញ៉ា លី សុភារី ត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៅឆ្នាំ២០១១។ ឧកញ៉ាបានបញ្ចប់ការសិក្សានៅមជ្ឈមណ្ឌលអប់រំផ្នែកទេសចរណ៍ និងសណ្ឋាគារ ប្រទេសសឹង្ហបុរី ជាកន្លែងដែលឧកញ៉ាបានទទួលសញ្ញាបត្រជំនាញផ្នែកគ្រប់គ្រងសណ្ឋាគារក្នុងឆ្នាំ ២០១០។
ឧកញ៉ាជាធុរជនវ័យក្មេង និងស្វាហាប់ម្នាក់ ដោយបានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនតាំងពីអាយុ២៤ឆ្នាំ និងមានក្រុមហ៊ុនអាជីវកម្មមួយចំនួននៅក្នុងប្រទេសកម្ពុជា។ អាជីវកម្មដែលឧកញ៉ាបានវិនិយោគក្រៅពីក្រុមហ៊ុន លី ហួរ គ្រុប រួមមាន អាជីវកម្មលក់គ្រឿងស្រវឹង និងភេសជ្ជៈ សេវាក្លឹបកំសាន្ត សាឡន ស្ប៉ា និងសេវាផ្នែកសម្ភស្សជាដើម។
គួររំឭកថា ក្រុមហ៊ុនដែលជាបុត្រសម័្ពន្ធរបស់ក្រុមហ៊ុនមេ លី ហួរ គ្រុប របស់មហាសេដ្ឋីនៅកម្ពុជារូបនេះរួមមាន៖ ក្រុមហ៊ុន លី ហួរ អ៉ិចឆេង, ក្រុមហ៊ុនសេវាបញ្ចាំ លីហួរ ផនសប, បុរីវិមានភ្នំពេញ ទាំង ១០គម្រោងនៅក្នុងរាជធានីភ្នំពេញ, លី ហួរ លីស៊ីស ក្រុមហ៊ុនជួល លក់ និងផ្តល់ឥណទានសម្រាប់ទិញរថយន្ត, ក្រុមហ៊ុនសេវាកម្មវេលុយទូទាំងប្រទេស លី ហួរ ផេប្រ៉ូ(លីហួរវេលុយ), ក្រុមហ៊ុនធនារ៉ាប់រង លី ហួរ, ក្រុមហ៊ុនវិនិយោគចម្រុះក្នុងផ្នែកកសិ-ឧស្សាហកម្ម ទេពីអាហ្គ្រូ ដូចជា ដំណាំកៅស៊ូ និងគ្រាប់ស្វាយចន្ទី និងធនាគារ SBI លី ហួរ៕