កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ លោកឧកញ៉ា ព្រាប សុវត្ថិ បានទិញរថយន្តទំនើប Rolls Royce មួយគ្រឿង និងបានបង្ហោះសារជាបន្តបន្ទាប់ថា៖ “និស្ស័យ, អារម្មណ៍ស្រស់ស្រាយ, សមាជិកថ្មី ហេងៗ”។ ទោះយ៉ាងណា ក្នុងការធ្វើដំណើរទៅធ្វើការប្រចាំថ្ងៃ គេពុំសូវឃើញលោកឧកញ៉ា ជិះរថយន្តលំដាប់សេដ្ឋី (Rolls Royce) នោះទេ តែឧស្សាហ៍ឃើញជិះរថយន្តម៉ាក Isuzu ទៅវិញ។
តាមរយៈការបង្ហោះរូបភាព និងសកម្មភាពនៅលើបណ្តាញសង្គម មួយរយៈពេលថ្មីៗនេះ ឧកញ៉ា ព្រាប សុវត្ថិ បានធ្វើដំណើរកម្សាន្តទៅតំបន់ភូមិភាគឦសាន នៃខេត្តរតនគិរី និងមណ្ឌលគិរី ជាមួយក្រុមគ្រួសារ ដោយប្រើប្រាស់រថយន្តម៉ាក Isuzu ហើយចំពោះការធ្វើដំណើរជាប្រចាំទៅធ្វើការងារផ្សេងៗ នៅតាមគម្រោងដីឡូត៍របស់លោក នៅរាជធានីភ្នំពេញ ក៏កំពូលតារាចម្រៀងរូបនេះ ប្រើប្រាស់រថយន្តប្រភេទ Pick Up ពណ៌ក្រហមខាងលើនេះផងដែរ។
គួររំឭកថា តារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ មានការងារ និងមុខជំនួញជាច្រើននៅក្នុងដៃ ដែលរួមមានដូចជា៖ ជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra, ជាម្ចាស់ Brand សាប៊ូកក់សក់ ព្រាប សុវត្ថិ, ហាងកាត់សក់ ព្រាប សុវត្ថិ, ផ្ទះព្រាប សុវត្ថិ (លក់បាយម្ហូប បុកល្ហុង និងនំបញ្ចុក), គម្រោងដីឡូត៍ ព្រាប សុវត្ថិ, បុរី ព្រាប សុវត្ថិ, អ្នកតំណាងផលិតផលទូរស័ព្ទដៃ Vivo, ទូតសុឆន្ទៈរបស់ក្រុមហ៊ុនរថយន្ត Isuzu, ទូតសុឆន្ទៈធនាគារ DGB និងជាទូតសុឆន្ទៈរបស់គម្រោងខុនដូ និងលំនៅឋានប្រណិត Morgan Enmaison រួមទាំងការងារជាមួយក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។ លោក ទទួលបានគោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២៕