​​កសិដ្ឋាន​មួយ​នៅ​ខេត្ត​មណ្ឌលគីរី លក់​​ព្រាប​មួយ​គូ​បាន​តម្លៃ​ចន្លោះ​ពី ១៥០០ ដុល្លារ ទៅ ២០០០ ដុល្លារ

អាជីវកម្ម

កសិដ្ឋាន ៤០០ មានទីតាំង​នៅ​ខេត្តមណ្ឌលគិរីដែលកសិដ្ឋាននេះក្រៅ​ពី​ចិញ្ចឹម​សត្វ​ជាង ៤០០ ប្រភេទ សម្រាប់​លក់លើទីផ្សារ ក៏ផ្ដល់ដំណោះស្រាយសេវាកម្មបច្ចេកទេសកសិកម្ម ដំណោះស្រាយប្រឹក្សាយោបល់លើការបង្កើតអាជីវកម្មកសិកម្ម ដំណោះស្រាយផ្ដល់សេវាសម្ភារៈ ថ្នាំសត្វ និងម៉ាស៊ីនកសិកម្ម និង​ដំណោះស្រាយជួយរកទីផ្សារលើផលិត​ផលកសិកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហាច ឆន ស្ថាបនិក និងអគ្គនាយកកសិដ្ឋាន ៤០០ បានផ្ដល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍ថា កសិដ្ឋាន ៤០០ ចាប់ផ្ដើមបង្កើតឡើងតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដែលកសិដ្ឋាននេះមានសត្វជាង ៤០០ ប្រភេទ ក្នុងនោះ​សត្វក្នុងទឹកមានប្រហែល ១០ ប្រភេទ សត្វបក្សីមានជាង ៣០០ ប្រភេទ​ ដូចជា​មាន់ ក្រូច ក្ងាន ទា ព្រាប​ជាដើម។

ស្ថាបនិកកសិដ្ឋានបានប្រាប់បន្ត​ថា ពូជសត្វទាំងនោះលោក​បានមកពី​ក្នុងស្រុក ដោយ​ដើរប្រមូលគ្រប់ទីកន្លែង​ទើបធ្វើឱ្យកសិដ្ឋានមានពូជសត្វច្រើនប្រភេទ។

បើតាម​ម្ចាស់​កសិដ្ឋាន​រូប​នេះ នៅកសិដ្ឋាន ៤០០ បច្ចុប្បន្នខ្យងកំពុងមានទីផ្សារខ្លាំង ហើយ​ព្រាបក៏កំពុងមានសន្ទុះផងដែរ ដែលមានខ្លះទិញយកទៅលម្អ មួយចំនួនទៀតទិញយកទៅច្នៃធ្វើជាម្ហូប។

ខ្យងប្រភេទប័រ និងខ្យងធុរេន ក្នុងមួយគីឡូ មានតម្លៃ ១០០ ដុល្លារ។ ព្រាបក្នុងមួយគូ ១៥០០ ដុល្លារទៅ ២០០០​ដុល្លារ។ មិនត្រឹមតែខ្យងនិងព្រាបប៉ុណ្ណោះទេ ដែលទទួលបានការគាំទ្រខ្លាំង មាន់ស្រែក៏ទទួលបានការគាំទ្រមិនចាញ់​គ្នានោះដែរ។

ម្ចាស់​កសិដ្ឋាន​វ័យក្មេងរូបនេះ​បាន​បង្ហើបពី​ដើមទុន មក​ដល់​ពេលនេះលោក​ចាយអស់​ជាង ៥០ម៉ឺនដុល្លារ ដោយខ្លួនឯងផ្ទាល់។

ចំពោះកសិដ្ឋាន​នេះ​លោកនឹងពង្រីកឱ្យកាន់តែធំទៀត​ ដែលបច្ចុប្បន្នមាន​ត្រឹម​ជាង​មួយហិតតា ហើយនៅថ្ងៃអនាគតនឹងពង្រីក​ឲ្យ​បាន ១៥ ហិតតា ដែល ៥ ហិតតាផ្ដោតសំខាន់លើការចិញ្ចឹមគោ​។ រីឯ​ ១០ ហិតតាទៀតគឺផ្ដោតលើសត្វចំរុះ។

មុនឈានមកដល់ដំណាក់កាលនេះ លោកហាច ឆន បានសិក្សាររៀនសូត្រពីអង្គការ ២-៣ អង្គការមកហើយដែលធ្វើឱ្យលោកឆ្អិនខាងវិស័យនេះគួរឱ្យកត់សម្គាល់។

សហគ្រិន​កូនបីរូបនេះបានប្រាប់ឧកញ៉ាញូស៍ដោយទឹកមុខរីករាយថា កសិដ្ឋាន៤០០នេះកំពុងដំណើរការទៅមុខយ៉ាងរលូន ដោយមិនមានបញ្ហាប្រឈមនោះទេ ដោយសារ​លោកយល់លើអាជីវកម្មនេះ​ច្បាស់ រីឯតម្លៃទីផ្សារទៀតសោតគឺលោកជាអ្នកកំណត់តម្លៃដោយខ្លួនឯងគឺមិនឱ្យឈ្មួញកេងចំណេញពីលើនោះឡើយ។

គូររំលឹកផងដែរថា កសិដ្ឋាន៤០០ មានទីតាំងនៅភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕