អាមេរិក​ផលិត​ប្រេង​ច្រើន​បំផុត​ ប៉ុន្តែ​មិនមែន​ជា​អ្នក​ចែកចាយ​ធំ​ដាច់គេ​លើ​លោក

អន្តរជាតិ

បើ​និយាយ​ដល់​រឿង​ប្រេង​ឥន្ធនៈ គ្រប់គ្នា​ប្រាកដ​ជា​នឹក​ឃើញ​ដល់​អាណាចក្រ​ប្រេង​ដូចជា​ អារ៉ាប់រួម និង​អារ៉ាប៊ីសាអូឌីត​ជាដើម ហើយ​ប្រាកដ​ជា​មាន​កូនចិត្ត​មួយ​យល់​ថា ពួកគេ​គឺ​ជា​ប្រភព​ផលិត​ប្រេង​ធំ​បំផុត​លើ​លោក​ជា​មិនខាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែ​ការពិត​មិន​ដូច្នោះ​ឡើយ ពោល​ប្រទេស​ផលិត​ប្រេង​បាន​ច្រើន​បំផុត​លើ​លោក​គឺ​ជា​សហរដ្ឋអាមេរិក​ទៅ​វិញ​ទេ ដែល​ជា​អ្នក​ផលិត​ប្រេង​បាន​ច្រើន​បំផុត​លើ​លោក។ នេះ​បើតាម​ការ​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ Investopedia។

ក្នុង​មួយ​ថ្ងៃ អាមេរិក​អាច​ផលិត​ប្រេង​បាន ១៨,៨៨ លាន​បារ៉ែល ឬ​ប្រហែល ២០% នៃ​ប្រេង​សរុប​ក្នុង​លោក ខណៈ​អារ៉ាប៊ីសាអូឌី​ផលិត​បាន ១០,៨៤ លាន​បារ៉ែល ស្របពេល​រុស្ស៊ី​ផលិត​បាន ១០,៧៨ លាន​បារ៉ែល។

ថ្វី​បើ​ជាប់​ឈ្មោះ​ជា​ប្រទេស​ផលិត​ប្រេង​បាន​ច្រើន​បំផុត​លើ​លោក​ក្ដី ប៉ុន្តែ​អាមេរិក​ក៏​ជា​ប្រទេស​ប្រើប្រាស់​ប្រេង​ច្រើន​បំផុត​ដូចគ្នា ដោយ​ក្នុង​មួយ​ថ្ងៃ​ពួកគេ​ប្រើប្រាស់​ប្រេង​ប្រហែល ២០,៥៤ លាន​បារ៉ែល​ឯណោះ ដែល​មានន័យ​ថា តម្រូវការ​មាន​លើស​ការ​ផលិត តម្រូវ​ឲ្យ​ពួកគេ​ត្រូវ​តែ​នាំចូល​ប្រេង​ពី​បរទេស។

ដោយឡែក ប្រទេស​ដែល​នាំចេញ​ប្រេង​ធំ​បំផុត​លើ​លោក​វិញ​គឺ អារ៉ាប៊ីសាអូឌី​ដែល​រ៉ាប់រង​តួនាទី​មួយ​នេះ ដោយ​កាលពី​ឆ្នាំ ២០២០ ពួកគេ​នាំចេញ​ប្រេង​រហូត​ដល់​ជិត ១០០ ពាន់​លាន​ដុល្លារ ស្របពេល​រុស្ស៊ី​ឈរ​នៅ​លេខ ២ ខណៈ​ស្ដេចត្រាញ់​ប្រេង​ទាំង ២ នេះ ពូកែ​ផលិត​ ប៉ុន្តែ​មិន​សូវ​ប្រើប្រាស់ ពោល​អារ៉ាប៊ីសាអូឌីត​ប្រើប្រាស់​ប្រេង​ប្រហែល ៣,២ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ស្របពេល​រុស្ស៊ី​ប្រហែល ៣,៧ លាន​បារ៉ែល។ នេះ​បើតាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ EIA៕