៦ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ងៀងទេសចរណ៍អន្តរជាតិកើនឡើងជិត៤០០%

Uncategorized

ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា គិតត្រឹមរយៈពេល៦ខែ ដើមឆ្នាំ២០២២ មានទេសចរអន្តរជាតិ ប្រមាណជាង៥០ម៉ឺននាក់ បានមកកម្សាន្តនៅកម្ពុជា ចំនួននេះ កើនឡើង៣៩៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្និន័យនេះ ត្រូវបានបង្ហាញឡើងក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ និងលើកទិសដៅផែនការស្តារឡើងវិញវិស័យទេសចរណ៍ កាលថ្ងៃទី១២ ខែកក្កដានេះ។

ថ្លែងក្នុងសន្និបាតនោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ បានឲ្យដឹងថា ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តជាផ្លូវការរួចហើយ នាថ្ងៃទី៣០ ខែមីនាកន្លងទៅ។
ឯកឧត្តមបន្តថា ផែនទីចង្អុលផ្លូវ ក៏បានកំណត់នូវចក្ខុវិស័យក្នុងការប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ទៅជាកាល្លានុវត្តភាពសម្រាប់ការកែទម្រង់ក្នុងវិស័យទេសចរណ៍កម្ពុជា ឱ្យទៅជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងនិរន្តរភាព ដោយទាញយកមកវិញនូវចំនួនភ្ញៀវទេសចរអន្តរជាតិ និងជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក។

លោក បានឲ្យដឹងបន្តថា ក្រោយការដាក់ចេញនូវវិធានការជាច្រើន បានធ្វើឲ្យកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តនៅកម្ពុជាជាច្រើនផងដែរ ជាក់ស្តែងរយៈពេល៦ខែ ដើមឆ្នាំ២០២២ មានទេសចរអន្តរជាតិ ប្រមាណជាង៥០ម៉ឺននាក់ បានមកកម្សាន្តនៅកម្ពុជា។ ចំនួននេះ កើនឡើង៣៩៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១ តែថយចុះ៨៤.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩(មុនវិបត្តិ)។

គួរបញ្ជាក់ដែរថា ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្សាន្តនៅកម្ពុជា​ភាគច្រើនមកពី៖ ថៃ ចិន សហរដ្ឋអាមេរិក វៀតណាម ឥណ្ឌូណេស៊ី កូរ៉េ បារាំង ម៉ាឡេស៊ី អង់គ្លេស អូស្រ្តាលី សិង្ហបុរី និងឥណ្ឌា។រីឯភ្ញៀវទេសចរក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសរួមមាន៖ ទេសចរជាតិសរុបប្រមាណ ៦,៣៣លាននាក់ កើនឡើងក្នុងអត្រាប្រមាណ ២១៩% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ៦៤ម៉ឺននាក់ កើនឡើងក្នុងអត្រាប្រមាណ៣៨០%ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

យ៉ាងណា លោក ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍រំពឹងថា សម្រាប់ឆ្នាំ២០២២ កម្ពុជានឹងទទួលភ្ញៀវទេសចរក្នុងរង្វង់ប្រមាណ១លាននាក់ ហើយនិងប្រមាណ២លាននាក់នៅក្នុងឆ្នាំ២០២៣ខាងមុខ ដែលជាឆ្នាំកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២៕