មុខរបរបង្អែមមើលឃើញពីក្រៅសមញ្ញ ដែលត្រូវការភាពអំណត់ព្យាយាមនិងនឿយហត់បន្តិច តែក៏តបស្នងមកវិញក្រាស់ក្រែលតាមរយៈចំណូលប្រចាំថ្ងៃ។
ខេត្តបាត់ដំបងក្រៅពីល្បីណែម ក្រូចពោធិ៍សាត់ និងរបស់ហូបចុកដ៏សំបូរបែប និយាយពីបង្អែមវិញ គ្រួសារមួយមានរូបមន្តធ្វើបង្អែមពិសេសប្លែក ដែលអាចលក់ដាច់មួយថ្ងៃមិនក្រោម ១ ពាន់ចាន ហើយចំណូលវិញមិនក្រោម ៣០០ ដុល្លារក្នុងមួយថ្ងៃ។
លោក មុត ចាន់ធិ ដែលរស់នៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបងប្រាប់ឧកញ៉ាញូសន៍ថា បង្អែមដែលគ្រួសារលោកលក់រាល់ថ្ងៃនេះ មួយថ្ងៃអាចលក់បានចូល ១០០០ ចាន ដែលមួយចានមានតម្លៃ ៥០០០រៀល។
លោកបង្ហើបរូបមន្តបង្អែមមួយប្រភេទហៅថា “បង្អែមនំដង្កូវ” ដែលជាស្នាដៃគ្រួសាររបស់លោកផ្ទាល់ ហើយដែលលក់ដាច់ទទួលការគាំទ្របំផុត។
លោកបញ្ជាក់ថា រវាងនំបង្អែមទាំងអស់ ឃើញថាអតិថិជនពេញនិយមបង្អែមនំដង្កូវច្រើនជាងគេ ដោយភ្ញៀវពោលថា “ឆ្ញាញ់” គ្រប់គ្នា។ បង្អែមមួយមុខនេះប្រើគ្រឿងផ្សំមានរសជាតិ ហើយក៏មានភាពលំបាកក្នុងការធ្វើផងដែរ។
ក្រៅពីការលក់បង្អែមនំដង្កូវ គ្រួសារបុរសនេះក៏មានលក់ អាកោខ្ទិះ សង់ខ្យាទុរេន បង្អែមដួងពោត ថែមទាំង មាននំខ្មែរផ្សេងទៀតដូចជា នំបាក់បិន នំបាយត្រៀប និងជាប្រភេទបង្អែមទឹកជាដើម។
បុរសរូបនេះបន្តថា បើគិតជាប្រាក់ចំណូលខ្ទង់ ៣០០ដុល្លារក្នុងមួយថ្ងៃ(ដាច់ខ្លាំង) បើមិនសូវដាច់ក្នុងមួយថ្ងៃត្រឹម ១០០ ដុល្លារ។
បុរសវ័យ២៧ឆ្នាំរូបនេះ ក៏បានបន្ថែមថា មុខរបរធ្វើបង្អែមនេះ គ្រួសាររបស់លោកប្រកបតពីដូនតាមកម្ល៉េះ។ លោក មុត ចាន់ធិក ក៏មានក្តីរំពឹងថាពង្រីកឲ្យកាន់តែធំឡើងបន្ថែមទៀត បើសិនថ្ងៃក្រោយទទួលការគាំទ្រច្រើន៕