បុកល្ហុង TWO SISTERS ប្រើ​រូបមន្តពិសេសច្នៃទឹកប្រហុក​គ្មានក្លិន ​អាច​ឲ្យ​គ្រប់គ្នា​ញាំ​គ្មាន​បារម្ភ

អាជីវកម្ម

ផ្ដើមពីរសជាតិ គុណភាព អនាម័យ សោភ័ណភាព បានធ្វើឱ្យហាងបុកល្ហុង TWO SISTERS ទទួលបានការគាំទ្រយ៉ាង​ខ្លាំងដែលត្រឹមតែ ២ ឆ្នាំ ត្បាល់បុក TWO SISTERS បានពង្រីកខ្លួនរហូតដល់ទៅ ៧ សាខា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ញា គង់​ ចាន់ដាវី ជាម្ចាស់ហាងត្បាល់បុក TWO SISTERS បានបង្ហើបប្រាប់​ឧកញ៉ាញូស៍ថា ត្បាល់បុក TWO SISTERS ដំណើរការ ២ ឆ្នាំហើយ ដែលហាងនេះចាប់ផ្ដើមកំណើតក្នុងបរិបទកូវីដ-១៩ ដែលជាពេលហាងដទៃទៀតកំពុងតែដើរទៅរកការបិទទ្វារ​។

ឆ្លើយតបដោយរីករាយ អាជីវករ៣៦ឆ្នាំ បានប្រាប់ឧកញ៉ាញូស៍ថា ហាងនេះគឺកញ្ញាបើកដោយខ្លួនឯងផ្ទាល់ ដែលគ្រាបើកដំបូងចាយអស់ដើមទុនប្រមាណជាង ២ម៉ឺនដុល្លារ។

ហាងត្បាល់បុក TWO SISTERS មានសេវាកម្មជាច្រើនដូចជា បុកល្ហុង ព្រមទាំងម្ហូបជាច្រើនមុខទៀតដូចជាបុកល្ហុងកូនកាត់បីសាសន៍គឺ ខ្មែរ ថៃ និងឡាវ​បញ្ចូល​គ្នា និង​មានក្ដាមអប់មីសួរ បាយឆាកាប៉ិ បាប៊ីខ្យូធូរអ៊ីនវ័ន ព្រមទាំងមានមុខម្ហូបជាច្រើនមុខទៀត។

បុកល្ហុង ៣ សាសន៍មានលក្ខណៈពិសេសជាច្រើនដូចជា គ្រប់ចាននៃបុកល្ហុងទាំងអស់គឺពណ៌ក្រហមដែលបានមកពីការផ្សំគ្រឿងបញ្ចូលគ្នាអមដោយបន្លែស្រស់ៗ។ មួយវិញទៀត ទឹកប្រហុកដែលដាក់ក្នុងបុកល្ហុងមិនមានក្លិនស្អុយ ឆ្អាប ឬក្លិនដែលប៉ះពាល់ដល់អារម្មណ៍អ្នកបរិភោគឡើយ។ ចំពោះទឹកប្រហុកឆ្លងកាត់ការរម្ងាស់ ៤ម៉ោង ការចម្រោះ៥តង់បន្ថែមទៀតដើម្បីធានាគុណភាពទឹកប្រហុក។

អាជីវករវ័យក្មេងសម្ដីផ្អែមបានបន្តថា ការ​សម្រេចចិត្តបើកអាជីវកម្មនេះឡើងព្រោះ កញ្ញា​មានក្ដីស្រមៃចង់បើកទ្វារហាងបុកល្ហុងមួយដែលជាស្នាដៃពោរពេញដោយដោយគំនិតច្នៃប្រឌិតខ្ពស់។ ណាមួយ​ចង់បង្ហាញស្នាដៃក្នុងការធ្វើទឹកប្រហុក ដែលគ្មានក្លិនប្រកបដោយរសជាតិឆ្ញាញ់អាចពិសាបានគ្រប់សាសន៍។

មកទល់ពេលបច្ចុប្បន្ន មុខ​របរ​កំពុង​ដំណើរការ​មិនមានជាបញ្ហាចោទខ្លាំងនោះទេ។ បន្ថែមលើសពីនេះស្រ្តី​ដែលមានគំនិត​ជា​សហគ្រិននេះ ក៏បានបង្ហាញពីការបើកទ្វារងចាំដល់បងប្អូនគ្រប់រូបដែលមានបំណងចង់រកស៊ី ក្នុងវិស័យបុកល្ហុងនេះផងដែរ។

បើ​តាមអ្នកជំនួញវ័យក្មេង ចំពោះអ្នកដែលមានបំណងចង់ទិញ ហ្វេនឆាយ ត្បាល់បុក TWO SISTERS មាន ២ កញ្ចប់ គឺមានកញ្ចប់ ៥០០០ ដុល្លារ និង ១០០០០ដុល្លារ។

កញ្ចប់ ៥០០០ដុល្លារ អាជីវករអាចទទួលបានទូរតាំង ២ រូបភាពដាក់លម្អហាង សម្ភារសម្រាប់ដំណើរការបុកល្ហុងជាច្រើនទៀត ដែលរួមមានគ្រឿងសាច់ ៧០ គីឡូក្រាម បន្លែ គ្រឿងទេស ត្បាល់ រួមទាំងសម្ភារជាច្រើនទៀត។ ដោយឡែកសម្រាប់កញ្ចប់ ១០០០០ដុល្លារ អាជីវករកាន់តែទទួលបានប្រម៉ូសិនពិសេសបន្ថែមទៀត។

អាជីវកររូបនេះបានរំពឹងទុកផងដែរថា​ ត្បាល់បុក TWO SISTERS នឹងទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនកម្ពុជា ព្រោះអាស្រ័យលើគុណភាព រសជាតិ គឺមានតែមួយគ្មានពីរឡើយ។ ទៅថ្ងៃអនាគត ត្បាល់បុក TWO SISTERS និងពង្រីកខ្លួនឱ្យបាន១០០សាខា ដែលពេលបច្ចុប្បន្ននេះ មាន៧សាខាហើយ៕