គិតត្រឹមលេខរៀងបញ្ជី ទី៥៧ មានសប្បុរសជន ដែលជាអ្នកឧកញ៉ា ឧកញ៉ា និងលោកជំទាវឧកញ៉ា ក្នុងសមាគមឧកញ៉ាកម្ពុជា ដែលមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាថ្នាក់ដឹកនាំសមាគមបានកៀរគងរៃអង្គាស់ថវិកាចូលរួមសរុប ចំនួន ១,៧៤២,៩១០ ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល សម្រាប់ការគាំទ្រដល់ដំណើរការនៃសកម្មភាពបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា។
ក្នុងចំណោមសប្បុរសជនទាំង ៥៧រូបនោះ ក៏មានវត្តមានលោកឧកញ៉ា ហេង បូរិន ម្ចាស់គម្រោងបុរី ហេង បូរិន គ្រុប និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធិភាព ក្រេឌីតភីអិលស៊ី(PCP) ទូទាំងប្រទេសកម្ពុជា ដែលបានបរិច្ចាគថវិកាចំនួន ២០០០ដុល្លារ ខណៈដែលលោកឧកញ៉ា ទើបតែចូលរួមជាសមាជិកភាពក្នុង សមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី០៤ ខែកក្កដា ២០២២នេះ។
បើតាមការបញ្ជាក់ឱ្យ Oknha News ដឹង លោកឧកញ៉ា ហេង បូរិន ថា៖ “បើគិតពីចំនួនថវិកានេះ វាមិនច្រើនទេ បើប្រៀបធៀបជាមួយ ការបរិច្ចាគថវិការបស់អ្នកឧកញ៉ាប្រធាន អ្នកឧកញ៉ាៗ និងឧកញ៉ាៗ ផ្សេងទៀត ដែលពួកគាត់បានរួមចំណែកក្នុងសកម្មភាពសប្បុរធម៌ជាមួយរាជរដ្ឋាភិបាលជាហូរហែ។ សម្រាប់ខ្ញុំ អ្វីដែលខ្ញុំអាចចូលរួមបន្តិចបន្ទួចជាមួយរដ្ឋាភិបាលពេលនេះ គឺគ្រាន់តែជាចំណែកតូចមួយ តាមរយៈ សមាគមឧកញ៉ាកម្ពុជា តែខ្ញុំពេញចិត្ត នឹងបន្តចូលរួមធនធានតាមលទ្ធភាព និងតបតាមការអំពាវនាវរបស់អ្នកឧកញ៉ាប្រធាន (អ្នកឧកញ៉ា លី យ៉ុងផាត់) ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុចូលរួមកសាងជាតិណាមួយជានិច្ចនិរន្ត៍”។
គួររំឮកដែរថា ការចូលរួមបរិច្ចាគថវិកាបានសរុបដល់ជាង ១៧លានដុល្លារ ពីសមាគមឧកញ៉ាកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា។ហើយការអំពាវនាវរបស់សម្តេចទៀតសោត ធ្វើឡើងបន្ទាប់ពី សម្តេចទទួលទទួលរបាយការណ៍ស្ដីពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនចំពោះប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។
ក្រៅពីលិខិតថ្លៃងអំណរគុណជូនលោកឧកញ៉ា ហេង បូរិន សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សប្បុរសជន អ្នកឧកញ៉ា ឧកញ៉ា និងលោកជំទាវឧកញ៉ាៗជាច្រើនរូបផ្សេងទៀត ដែលបានចូលរួមបរិច្ចាគថវិកាសប្បុរសធម៌ក្នុងរយៈពេលខ្លី បានដល់ជាង ១៧លានដុល្លារនេះផងដែរ៕