អតីតស្រីស្អាតលេខ២ក្នុងកម្មវិធី Freshie Girls & Boys ២០១៥ បានលាជីវិតខ្លួនមួយក្រោយបានសម្រេចចិត្តរៀបការជាមួយបុរសជំនួញធំដុំមួយរូបនាម្សិលមិញ ក្នុងនោះតាមការបង្ហើបរបស់សាមីខ្លួន គឺនាងមានគម្រោងរកស៊ីធំដោយចុះហត្ថលេខារកស៊ីជាមួយក្រុមហ៊ុនអាមេរិកមួយថែមទៀត។
យៀកលី មិនបាននិយាយលម្អិតឡើយជុំវិញផែនការរកស៊ីធំជាមួយក្រុមហ៊ុនមកពីអាមេរិកនេះ។ ប៉ុន្តែដើម្បីកិច្ចការដ៏សំខាន់នេះ នាងបានប្រាប់នៅក្នុងថ្ងៃមង្គលការរបស់នាងថា នាងសុខចិត្តពន្យាផែនការក្រេបទឹកឃ្មុំជាមួយស្វាមីនៅក្រៅប្រទេសទេ។
“ពួកខ្ញុំអត់ទាន់មានផែនការទៅក្រេបទឹកឃ្មុំអីទេ ព្រោះក្រោយរៀបការនេះ ពួកខ្ញុំនឹងត្រូវចុះហត្ថលេខារកស៊ីជាមួយក្រុមហ៊ុនមកពីអាមេរិកមួយ រហូតដល់កិច្ចការនេះ បានចប់សព្វគ្រប់អស់ ទើបពួកយើងសម្រេចដើរកម្សាន្តទៅបរទេស!”។
ត្បិតថា ស្រីស្អាតមិនបានបញ្ចេញលម្អិត ប៉ុន្តែគេដឹងថា នោះទំនងជាផ្នែកមួយនៃកិច្ចព្រមព្រៀងទ្វេរភាគីរវាងក្រុមហ៊ុន Bempire របស់ស្វាមីនាងហើយ ដែលក្រុមហ៊ុនមួយនេះ គឺជាអ្នកចែកចាយ និងផ្គត់ផ្គង់ផលិតផលថែរក្សាសម្រស់មួយប្រភេទ ដែលមានតារាស្រីថៃដ៏ល្បី គឺកញ្ញា ផេនខេក គឺជាម្ចាស់នៃផលិតផល។
និយាយពីស្វាមីរបស់ យៀកលី វិញ មានឈ្មោះថា ចន ប្រុស គឺជាម្ចាស់ក្រុមហ៊ុនចែកចាយផលិតផលថែរក្សាសម្រស់ខាងលើ។ ពួកគេទាំងពីរបានស្គាល់រាប់អានគ្នាជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីម្នាក់ៗ នៅសិក្សាចំណេះទូទៅមកម្ល៉េះ។ ប៉ុន្តែតាមភាគីខាងស្រី បានឲ្យដឹងថា ពួកនាងទើបតែមានសម្ព័ន្ធភាពជិតដិត និងដាំដុះពន្លកស្នេហ៍ប្រមាណជា ៣-៤ឆ្នាំចុងក្រោយប៉ុណ្ណោះ ក្រោយពីពួកគេមានឱកាសបានធ្វើការរួមគ្នាក្នុងក្រុមហ៊ុនតែមួយ។
ទំនាក់ទំនងនោះ ត្បិតថា ទាំងសងខាងមិនបានបញ្ចេញ ប៉ុន្តែប្រភពដែលនៅជិតដិតនឹងពួកគេម្នាក់ ធ្លាប់បានបង្ហើបថា យៀកលី និងគូស្នេហ៍បានភ្ជាប់ពាក្យនឹងគ្នាតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ខណៈកាលនោះ ស្រីស្អាត ក៏បានទទួលស្គាល់ដែរ ប៉ុន្តែមិនបានបញ្ចេញអត្តសញ្ញាណគូស្នេហ៍ឲ្យដឹងឡើយ។ ទើបតែយប់មិញនេះ យៀកលី បានបញ្ចប់មន្ទិលថា បុរសជាគូស្នេហ៍ដែលបានភ្ជាប់ពាក្យជាមួយនាងកាលពី២ឆ្នាំមុននោះ គឺជាស្វាមីរបស់នាងនាពេលនេះហើយ៕