ប្រទេសថៃកំពុងមានគម្រោងសាងសង់ទីក្រុងឆ្លាតវៃដែលមានតម្លៃប្រមាណ ៣៧ ពាន់លានដុល្លារ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មយ៉ាងសកម្មនៅជិតទីក្រុងបាងកក ដែលកំពុងទាក់ទាញការវិនិយោគរាប់ពាន់លានដុល្លារពីបរទេស។ នេះបើតាមការចុះផ្សាយពី Bloomberg។
គម្រោងការដ៏អស្ចារ្យមួយនេះគឺនឹងធ្វើឡើងនៅទីក្រុង Huai Yai នៃខេត្តឈុនបូរី ចំងាយប្រហែល ១៦០ គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុងបាងកក ហើយក៏ត្រូវបានអនុម័តរួចស្រេចពីនាយករដ្ឋមន្ត្រី Prayuth Cha-Ocha កាលពីថ្ងៃច័ន្ទផងដែរ។
ប្រភពពីរដ្ឋាភិបាលបានបង្ហើបទៀតថា គម្រោងទីក្រុងឆ្លាតវៃដែលមិនទាន់ដាក់ឈ្មោះជាផ្លូវការ មានទំហំរហូតដល់ ២ ៣៤០ ហិកតា និងត្រូវចំណាយប្រហែល ១,៣៤ ទ្រីលានបាត ឬប្រមាណ ៣៧ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។
លោក Kanit Sangsubhan អគ្គលេខាធិការនៃច្រករបៀងសេដ្ឋកិច្ចភាគខាងកើតបានប្រាប់អ្នកយកព័ត៌មានថា គម្រោងនេះនឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួនប្រាំសម្រាប់ ទុកឲ្យក្រុមហ៊ុនជួលជាតំបន់ពាណិជ្ជកម្ម ហើយក៏នឹងរួមបញ្ចូលមជ្ឈមណ្ឌលសម្រាប់បង្កើតទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្នុងតំបន់ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងតំបន់សម្រាប់វេជ្ជសាស្ត្រ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍អន្តរជាតិ និងឧស្សាហកម្មនាពេលអនាគតដូចជាថាមពលស្អាត និងបច្ចេកវិទ្យា 5G ជាដើម។
មន្ត្រីខាងលើក៏បានបន្ថែមថា មួយផ្នែកនៃទីក្រុងថ្មីនេះនឹងរចនាឡើងសម្រាប់ជាលំនៅឋានរបស់មនុស្សប្រមាណ ៣៥០ ០០០ នាក់នៅឆ្នាំ ២០៣២ និងអាចផ្ដល់ការងារប្រហែល ២០ ០០០ កន្លែងឯណោះ ខណៈអ្នកដែលរស់នៅទីក្រុងនោះភាគច្រើននឹងជាអ្នកធ្វើការនៅតំបន់នោះផ្ទាល់តែម្ដង ដ្បិតទីក្រុងមួយនេះនឹងអូសទាញការវិនិយោគប្រហែល ២,២ ទ្រីលានបាតក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕