កាលពីពេលថ្មីៗនេះ លោក Pan Sutong វិនិយោគិនលើវិស័យអចលនទ្រព្យដ៏មានមុខមាត់នៅហុងកុង ត្រូវបានតុលាការសម្រេចឲ្យលោកប្រកាសក្ស័យធន ក្រោយគ្មានសមត្ថភាពសងបំណុលបាន។
នៅក្នុងសាលក្រមប្រកាសដោយតុលាការ គឺតម្រូវឲ្យលោក Pan ត្រូវតែបោះបង់ក្រុមហ៊ុន Silver Starlight Ltd បន្ទាប់ពីមិនអាចសងបំណុលគេបាន រាប់ទាំងការជំពាក់ធនាគារ China Citic Bank Corp ៨ ពាន់លានដុល្លារហុងកុង ឬប្រមាណ ១ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៩។
សូមជម្រាបដែរថា ក្នុងចំណោមមហាសេដ្ឋីអាស៊ីទាំងអស់ លោក Pan រៀងដុនដាបជាងគេបន្តិច ដោយសារទ្រព្យសម្បត្តិរបស់លោកមានការថយចុះខ្លាំង ក៏ព្រោះតែតម្លៃភាគហ៊ុន Goldin Financial Holdings Ltd ដាំក្បាលចុះ ដ្បិតទីផ្សារអចលនទ្រព្យនៅហុងកុងកំពុងផ្ដល់សញ្ញាអវិជ្ជមាន។
ជាលទ្ធផល អតីតមហាសេដ្ឋីម្នាក់នេះរបូតលុយប្រមាណ ២៧ ពាន់លានដុល្លារ ហើយកាលពីខែមុនលោកបានលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុននៃក្រុមហ៊ុន Goldin Financial ទៀតផង។
គួសរំលឹកដែរថា ចាប់ពីខែឧសភា ២០១៧ មកទល់ខែកញ្ញា ២០២០ លោក Pan និង Goldin Financial បានជំពាក់បំណុលប្រមាណ ៣៨ ពាន់លានដុល្លារហុងកុង ឬប្រហែលជិត ៥ ពាន់លានដុល្លារ ពីការលក់អចលនទ្រព្យ ៤ កន្លែងនៅហុងកុង។ នេះបើតាមទិន្នន័យពីផ្សារហ៊ុន និង Bloomberg៕