យោងតាមរបាយការណ៍សរសេរផ្ទាល់ដោយធនាគារ Deutche Bank កាលពីថ្ងៃអង្គារបានឲ្យដឹងថា ប្រជាជនអាល្លឺម៉ង់ប្រហែលជាត្រូវបង្កាត់អុសដើម្បីកម្ដៅខ្លួននៅរដូវរងា បើសិនជារុស្ស៊ីផ្ដាច់ការនាំចូលហ្គាសមកសហភាពអឺរ៉ុប។
ប្រភពដដែលបានបន្ថែមទៀតថា ការប្រើប្រាស់ហ្គាសនៅអាល្លឺម៉ង់នឹងមានទាបជាង ១០% នៃការប្រើប្រាស់កាលពីឆ្នាំ ២០២១ ដោយសារប្រជាជនចេះសន្សំសំចៃ ដ្បិតតម្លៃនៃហ្គាសក៏មានការកើនឡើងផងដែរ។
ក្រៅពីអុស ក៏នៅមានមធ្យោបាយផ្សេងៗទៀតដែលអាចប្រើសម្រាប់រក្សាសីតុណ្ហភាពនៅរដូវរងាបានផងដែរដូចជា ការដុតធ្យូងជាដើម។ នេះបើតាមការចុះផ្សាយពី Markets Insider។
សូមជម្រាបដែរថា មួយរយៈចុងក្រោយនេះ រុស្ស៊ីបានចាប់ផ្ដើមកាត់បន្ថយការនាំចេញឧស្ម័នទៅកាន់ប្រទេសមួយចំនួនដូចជា ប៊ុលហ្គារី និងប៉ូឡូញ ដោយសារបដិសេធមិនព្រមបង់ប្រាក់ជារូបិយប័ណ្ណរុស្ស៊ី ស្របពេលសហភាពអឺរ៉ុបកំពុងមានការព្រួយបារម្ភពីហានិភ័យកង្វះខាតឥន្ធនៈដែលអាចនឹងកើតមាននៅថ្ងៃខាងមុខផងដែរ៕